Monday, November 24, 2025
Homeព័ត៌មានជាតិអារម្មណ៍យាយតក់ស្លុតប៉ុនណាទៅ... ពេលឃើញចៅប្រុស

អារម្មណ៍យាយតក់ស្លុតប៉ុនណាទៅ… ពេលឃើញចៅប្រុស

ខេត្តព្រៃវែង ៖ ក្មេងប្រុសអាយុ៨ខែម្នាក់ត្រូវឪពុកម្តាយយកមកផ្ញើទុកឱ្យជីដូនជួយមើលថែ ព្រោះរវល់ចេញទៅធ្វើការ ស្រាប់តែជីដូនរវល់ធ្វើការងារក្នុងផ្ទះភ្លេចខ្លួន ទុកឱ្យចៅប្រុសអង្គុយលើរទេះរុញតែម្នាក់ឯង ស្រាប់តែចៅប្រុសដោលរទេះធ្លាក់ចូលទឹកបណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងឈូក ឃុំចេក ស្រុកព្រះស្តេច។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះចាន់ សេរីវង្ស ភេទប្រុស អាយុ៨ខែ។

តាមប្រភពពីស្ត្រីជាជីដូនក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលប្រាប់ថា ចៅប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) ទើបនឹងមានអាយុ៨ខែប៉ុណ្ណោះ និងត្រូវឪពុកម្តាយរបស់គេយកមកផ្ញើឱ្យគាត់ជាជីដូនជួយមើលថែ ខណៈដែលពួកគេរវល់នាំគ្នាចេញទៅធ្វើការរកសុីនៅខេត្តស្វាយរៀង។

ស្ត្រីជាជីដូនរូបនេះ បន្តថា នៅមុនពេលកើតហេតុ គាត់រវល់ធ្វើការងារនៅខាងក្នុងផ្ទះទើបដាក់ចៅប្រុសឱ្យអង្គុយក្នុងទេះរុញសម្រាប់កូនក្មេងនៅខាងក្រៅផ្ទះតែម្នាក់ឯង។ ស្រាប់តែរួចដៃពីការងារ នឹកឃើញចៅប្រុស គាត់ក៏ចេញមករកមើលស្រាប់តែបាត់ចៅប្រុសមិនដឹងទៅណា ទើបផ្អើលឆោឡោ ដើរតាមរកនិងសង្ស័យថា ចៅប្រុសធ្លាក់ទឹក ក៏នាំគ្នាចុះរាវរកស្រាប់តែប្រទះឃើញចៅប្រុសលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES