ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី ពាក់ព័ន្ធករណីឆបោក។
ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេង ណាំង ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្នផ្ទះលេខ១០៨ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ការចាប់ខ្លួនស្ត្រីសង្ស័យខាងលើនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៧៣៥ “ព” ដ.ច.ន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ចេញដោយលោកម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ស្ត្រីខាងលើត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក ដែលបានប្រព្រឹត្តនៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕