Monday, November 24, 2025
Homeតារាខ្មែរគៀត សុវណ្ណាឡាង បង្ហាញទុក្ខសោកក្រៀមក្រំបេះដូង?

គៀត សុវណ្ណាឡាង បង្ហាញទុក្ខសោកក្រៀមក្រំបេះដូង?

តារាសាច់សខ្ចី គៀត សុវណ្ណាឡាង ហាក់ដូចជាស្ងប់ស្ងាត់ទាំងអាជីពសិល្បៈនិងរឿងស្នេហាតែម្តង នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីស្រីស្អាតរូបនេះបានប្រកាសក្តែងៗថា នាងគ្មានស្នេហាជាមួយអតីតសង្សារ កែវ និសា គឺលោកលឹម ជាឡាយ មក ស្រាប់តែសុវណ្ណាឡាង ច្រើនតែបង្ហាញទុក្ខសោកក្នុងបេះដូងក្រៀមក្រំជាប់ឱរាជានិច្ច…។

គៀត សុវណ្ណាឡាង បានបដិសេធដាច់អហង្ការថា នាងមិនពាក់ព័ន្ធរឿងស្នេហាជាមួយប្រុសសង្ហា លឹម ជាឡាយ ឡើយ ដោយនាងពោលពាក្យចំៗថា បើគ្រប់គ្នានិយាយថា នាងជាសង្សាររបស់ជាឡាយ ទៀត តើមានប្រុសណាមកស្រលាញ់បេតីនាងទៀតទៅ? តើនាងមិន “អេ” ហើយទេ?

យ៉ាងណា ការអះអាងរបស់គៀត សុវណ្ណាឡាង នៅតែធ្វើឱ្យទស្សនិកជនមិនអស់ចិត្តចំពោះសម្តី និងសកម្មភាពរបស់នាងឡើយ ព្រោះសុវណ្ណាឡាង និងជាឡាយ ធ្លាប់ឱបថើបគ្នា ដោយថែមទាំង Live វីដេអូឱ្យគេបានឃើញទៀត ប៉ុន្តែនៅពេលអ្នកកាសែតសួររឿងស្នេហា បែរជានាងឆេះដុំទៅវិញ។

ប៉ុន្តែតារាមួយចំនួនទៀតមានការសង្ស័យថា សុវណ្ណាឡាង មើលទៅពេលនេះហាក់កំពុងឈឺគ្រាំគ្រាបេះដូងខ្លាំងហើយ ព្រោះមិនដឹងជាយ៉ាងម៉េចរយៈពេលចុងក្រោយនេះ មិនមែនតែអ្នកកាសែតទេ គឺឱ្យតែអ្នកណានិយាយថា នាងជាសង្សារជាឡាយ គឺនាងខឹងតែម្តង។

សកម្មភាពរបស់ស្រីស្អាតសុវណ្ណាឡាង នៅពេលនេះ គឺហាក់ស្របគ្នានឹងដំណឹងដែលលេចឮថា ជាឡាយ អាចនឹងវិលរកសង្សារចាស់ អ្នកមេម៉ាយកែវ និសា ព្រោះពួកគេធ្លាប់មានអនុស្សារីយ៍ជាមួយគ្នាច្រើនណាស់ ហើយពេលនេះគេល្បីថា និសា បែកស្នេហ៍មន្ត្រីធំទៅហើយ អ៊ីចឹងជាឡាយ ប្រាកដជាមិនដាច់អាល័យស្រីស្អាតកែវ និសា សាច់សខ្ចីនោះឡើយ។

ទោះជាយ៉ាងណា ការដែលគៀត សុវណ្ណាឡាង ប្រកាសបិទបេះដូងប្រុសសង្ហា លឹម ជាឡាយ នៅពេលនេះប្រាកដជាធ្វើឱ្យលោកថៅកែទឹកកកនៅក្រុងកំពង់ចាម មានការខកចិត្តមិនតិចឡើយ ព្រោះសុវណ្ណាឡាង ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា ថៅកែធំលក់ទឹកកកនៅខេត្តនោះចង់ឱ្យនាងរៀបការជាមួយជាឡាយ ហើយលោកថៅកែបានសន្យាថាពិធីមង្គលការនោះ លោកជាអ្នកចេញថ្លៃរ៉ាប់រងគ្រប់បែបយ៉ាងទាំងអស់ ព្រោះគាត់ថាអ្នកទាំងពីរពិតជាស័ក្តិសមគ្នាខ្លាំងណាស់។

ប៉ុន្តែឥឡូវកុំថាឡើយឱ្យសុវណ្ណាឡាង ក្រាបផ្ទឹមជាមួយជាឡាយ ព្រោះសូម្បីតែអ្នកសារព័ត៌មានសួរសុវណ្ណាឡាង រឿងមានស្នេហាជាមួយជាឡាយ នោះ ក៏នាងច្រឡោតទៅហើយ តើលោកថៅកែរំពឹងយ៉ាងណាទៅថា ពួកគេអាចក្លាយទៅជាប្តីប្រពន្ធស្របច្បាប់គ្នាបាននោះ?

គៀត សុវណ្ណាឡាង ធ្លាប់លេចឮថា មានសង្សារជាកូនអ្នកមានជិះរថយន្ត Range Rover ពណ៌ស ប៉ុន្តែកន្លងមក នាងព្យាយាមប្រកែកស្របពេលដែលមានព័ត៌មានថា ពួកគេបានចែកផ្លូវគ្នាទៅហើយ។

ដោយឡែក ពេលនេះប្រសិនបើស្រីស្អាតសុវណ្ណាឡាង លែងចាប់ដៃជាឡាយ ទៀត គឺមានន័យថា ស្រីស្រស់រូបនេះពិបាកព្យាបាលបេះដូងជាមិនខាន ព្រោះតែប៉ះរឿងស្នេហាមិនសមប្រកប២លើកជាប់គ្នា។

ប៉ុន្តែស្រីស្អាតដូចសុវណ្ណាឡាង ប្រាកដជាមិនខ្វះប្រុសៗចង់ស្អំរបួសបេះដូងនាងឡើយ ហើយគេជឿថា មិនយូរទេស្រីស្អាតរូបនេះនឹងរកបានគូស្នេហ៍ថ្មីសង្ហាជាងជាឡាយ ទៅទៀតជាមិនខានឡើយ៕

RELATED ARTICLES