ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថាតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ទោះជាហាមឃាត់យ៉ាងណាក៏មិនស្តាប់ លុះក្រោយមកបានសុំមាន់ពីម្តាយ១ក្បាលយកទៅធ្វើម្ហូបក្លែមស្រា រួចក៏បាត់ខ្លួនពេញ១យប់មិនឃើញត្រឡប់មកផ្ទះវិញសោះ ស្រាប់តែស្អែកឡើងក៏មានអ្នកភូមិប្រទះឃើញជនរងគ្រោះលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៦នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទំនប់៣០កញ្ញា ស្ថិតក្នុងភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះប្រិញ ណន អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះសាត ហួយ អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រហែល៦និង១០នាទីព្រលប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កូនប្រុសនេះ (ជនរងគ្រោះ) បានសុំមាន់គាត់១ក្បាលយកទៅធ្វើម្ហូបក្លែមស្រានៅផ្ទះរបស់ឈ្មោះសាន វិសាល ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នា។
លុះក្រោយមក ក៏មិនឃើញកូនប្រុសនេះត្រឡប់មកផ្ទះវិញទេ រហូតដល់ម៉ោងដឹងកើតហេតុខាងលើ ក៏មានអ្នកភូមិបានប្រទះឃើញកូនគាត់ស្លាប់អណ្តែតទឹកបាត់ទៅហើយ។

ស្ត្រីជាម្តាយរូបនេះបន្តថា កូនគាត់រៀងរាល់ថ្ងៃមុនស្លាប់តែងផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ជួនមកដល់ផ្ទះ ហើយជួនកាលមិនមកទេ។
តាមសម្តីបុរសឈ្មោះសាន ម៉ៅ អាយុ៣៧ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៨និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើមាន់ហូប និងផឹកស្រាសអស់កន្លះលីត្រ ឃើញជនរង គ្រោះស្រវឹង ទើបគាត់ បានឌុបជនរងគ្រោះទៅផ្ទះវិញ។

លុះឌុបដល់ត្រង់ផ្ទះរបស់ឈ្មោះឡាំ ភា ភេទប្រុស នៅរំលងគ្នា១ផ្ទះ គាត់ក៏វិលទៅផ្ទះវិញលុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានការផ្អើលឆោឡោថាប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់តែម្តង។
ក្រោយពីទទួលបានដំណឹងខាងលើ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងពេទ្យបានចុះពិនិត្យសពពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕