Monday, November 24, 2025
Homeព័ត៌មានជាតិសូមប្រយ័ត្នផង អ្នកចូលមើលបាល់ទាត់នៅស្តាតអូឡាំពិក... សមត្ថកិច្ចចាប់ចោរស្រីខ្វេះកាបូបបានម្នាក់

សូមប្រយ័ត្នផង អ្នកចូលមើលបាល់ទាត់នៅស្តាតអូឡាំពិក… សមត្ថកិច្ចចាប់ចោរស្រីខ្វេះកាបូបបានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ខណៈធ្វើសកម្មភាពខ្វេះកាបូបលួច ត្រូវជនរងគ្រោះក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់នៅកន្លែងលក់សំបុត្រទស្សនាបាល់ទាត់ក្នុងពហុកីឡដ្ឋានអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឱ្យដឹងថា កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មានករណីរ៉ូតកាបូបលួចមិនបានសម្រេចបានកើតឡើងនៅចំណុចមុខស្តាតអូឡាំពិក ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយឪពុកមកមើលបាល់ទាត់ ហើយយកម៉ូតូទៅផ្ញើដើរមកច្រកចូលស្តាតអូឡាំពិកកន្លែងលក់សំបុត្រ ដោយស្ពាយកាបូបដាក់ពីក្រោយខ្នង ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពរ៉ូតកាបូបស្តាយនៅខ្នង ត្រូវបុរសជាឪពុកជនរងគ្រោះឃើញទាន់ក៏ឃាត់ខ្លួនជនសង្ស័យនាំមកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលវាលវង់ តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលជនរងគ្រោះក្របួចបានយកមកប្រគល់ឱ្យប៉ូលិសនេះឈ្មោះចាន់ លាភ ភេទស្រី អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរជួយលក់ចាប់ហួយ ស្នាក់នៅផ្ទះជួលមិនចាំលេខក្រោយផ្សារទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។ វត្ថុតាងដកហូតរួមមាន កាបូបស្ពាយចំនួន១ ប្រាក់ចំនួន១០០០០០ (ដប់ម៉ឺនរៀល)។

ចំណែកជនរងគ្រោះឈ្មោះអ៊ុ គឹមឡេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ ១១៥E0 ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES