ភ្នំពេញ ៖ ពូក្មួយ២នាក់បានអុំទូកត្នោតចេញទៅបេះផ្កាស្នោនៅក្នុងរណ្តៅដីមួយកន្លែង ស្រាប់តែជួបគ្រោះអកុសលក្រឡាប់ទូកបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម បើទោះបីមានអ្នកឃើញហេតុការណ៍ព្យាយាមជួយសង្គ្រោះយ៉ាងណាក៏មិនទាន់ទ្បើយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចរណ្តៅដីអូរក្រៅខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះទាំង២នាក់ ដែលស្លាប់ក្នុងហេតុការណ៍ក្រឡាប់ទូកត្នោតនេះ រួមមាន ទី១-ឈ្មោះចយ សម្ផស្ស អាយុ២៥ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះដន រិទ្ធ អាយុ៦ឆ្នាំ មុខរបរជាសិស្ស។ ជនរងគ្រោះទាំង២នាក់ត្រូវជាពូក្មួយនឹងគ្នា និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាង លើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ត្រូវជាពូក្មួយនឹងគ្នា បានឡើងជិះទូកត្នោតអុំចេញទៅកណ្តាលរណ្តៅដីដែលគេជីកលក់គោលបំណងបេះផ្កាស្នោ លុះទៅដល់កណ្តាលរណ្តៅដី មិនដឹងជាយ៉ាងម៉េចស្រាប់តែទូកបានក្រឡាប់ធ្វើឱ្យជនរងគ្រោះទាំង២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗអ្នកភូមិដោយបានដឹងដំណឹងនេះ ក៏នាំគ្នាទៅជួយស្រង់ដើម្បីឱ្យយកមកសង្គ្រោះដែរ ប៉ុន្តែហួសពេលហើយ ជនរងគ្រោះទាំង២នាកបានឈ្លក់ទឹកស្លាប់បាត់ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕