ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានបន្លំចូលទៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យ រួចឆ្លៀតឱកាសធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់លោកគ្រូបង្រៀនម្នាក់បានសម្រេច ប្រុងគេចខ្លួន តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលសិស្សនិស្សិត នាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច។
ករណីឃាត់ខ្លួនជនសង្ស័យលួចទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលប្រព្រឹត្តត្រង់ចំណុចវិទ្យាស្ថានគរុកោសល្យ នៅផ្លូវលេខ២៧១ ស្ថិតក្នុងក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហ៊ុយ សុខហេង ហៅហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទលួច (លួចទូរស័ព្ទដៃ១គ្រឿង)។
ប្រភពដដែលថា វត្ថុតាងសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ១គ្រឿងម៉ាក Samsung Note 9 ពណ៌ខ្មៅ ប្រើស៊ីមលេខ០៨៩ ៦៩៩ ៦៣៣ ត្រូវសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោកកុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះជុំ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនវិទ្យាស្ថានគរុកោសល្យ ស្នាក់នៅផ្ទះលេខ២០២ ផ្លូវលេខ១៥០ ក្នុងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិធី៕