ខេត្តតាកែវ ៖ យុវតីម្នាក់ត្រូវបានយុវជនជាគូដណ្តឹងបបួលទៅលេងបុណ្យកឋិន រួចក៏ហៅប្អូនស្រីបង្កើតម្នាក់ទៀតទៅជាមួយ ហើយក៏ជិះម៉ូតូដឹកគ្នាចេញពីផ្ទះបាត់អស់រយៈពេល ២ថ្ងៃ មិនឃើញវិលមកវិញសោះ ទោះជាព្យាយាមទូរស័ព្ទទៅតាមរកក៏មិនចូល ជាហេតុធ្វើឱ្យស្ត្រីជាម្តាយកំពុងភ័យឆោឡោបារម្ភពីសុខទុក្ខកូនស្រីទាំង២យ៉ាងខ្លាំង និងព្យាយាមតាមស្វែងរកកូនស្រីសព្វកន្លែង។
ករណីបាត់កូនស្រី២នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងតាំងពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះយុវតីរងគ្រោះ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

យុវតីទាំង២នាក់បងប្អូនដែលបាត់ខ្លួន ដោយគ្មានដំណឹងនេះ រួមមាន ទី១-ឈ្មោះមឿន ស្រីណេ ភេទស្រី អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ មឿន ចាន់ដាវីន ភេទស្រី អាយុ១៩ឆ្នាំ។ អ្នកទាំង២រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំងកក់។
តាមប្រភពពីស្ត្រីជាម្តាយ របស់យុវតីដែលបាត់ខ្លួនទាំង២នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ឈ្មោះមឿន ចាន់ដាវីន ត្រូវបានគូដណ្តឹងរបស់នាងឈ្មោះពេជ ពន្លក អាយុ១៨ឆ្នាំ មានលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ បានមកបបួលទៅលេងបុណ្យកឋិន (តែមិនដឹងនៅវត្តណាទេ)។
ប្រភពបានបន្តថា បន្ទាប់មកកូនស្រីរបស់គាត់ក៏បានបបួលប្អូនស្រីម្នាក់ទៀត ឈ្មោះមឿន ស្រីណេ ទៅជាមួយដែររួចហើយ អ្នកទាំង៣ក៏បានឡើងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ 1Q-1931 លេខម៉ាស៊ីន៥២៦៦៩៧ ដឹកគ្នាចេញពីផ្ទះបាត់ទៅរហូតតែម្តង មិនឃើញមកវិញសោះ។

ស្ត្រីជាម្តាយបន្តថា ក្រោយពីកូនស្រីទាំង២នាក់ ត្រូវគូដណ្តឹងនាំទៅបាត់យូរពេក គាត់ជាម្តាយនឹកឆ្ងល់ក៏ទូរស័ព្ទទៅសួរ តែមិនចូលទាំងអស់ ទើបនាំគ្នាផ្អើលឆោឡោតាមទៅរកដែរ តែមិនមានដំណឹងអ្វីទាំងអស់ ជាហេតុធ្វើឱ្យគាត់ជាម្តាយកំពុងមានការព្រួយបារម្ភពីសុខទុក្ខកូនស្រីទាំង២នាក់យ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ ស្ត្រីជាម្តាយបានអំពាវនាវប្រសិនបើកូនស្រីបានឮដំណឹងនេះហើយ សូមប្រញាប់ត្រឡប់មកផ្ទះវិញជាបន្ទាន់ ព្រោះក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងណាស់។
ក្រោយកើតហេតុ ស្ត្រីជាម្តាយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកកូនស្រីរបស់គាត់ផងដែរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវដល់លំនៅដ្ឋាន ខាងយុវជនជាគូដណ្តឹងដែរ តែត្រូវសាច់ញាតិខាងប្រុសប្រាប់ថា មិនបានឃើញពួកគេមកនោះទេ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកអ្នកទាំង៣បន្តទៀត ដោយខ្លាចកើតមានរឿងអ្វីមិនល្អចំពោះពួកគេ៕