ភ្នំពេញ ៖ កម្លាំងសមត្ថកិចច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ករណីលួចមិនបានសម្រេច បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាព កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចតាមផ្លូវ២០០២ ភូមិត្រពាំងឈូក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ រួមមាន ៖
ទី១-ឈ្មោះ នួន ចាន់តា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ទី២-ឈ្មោះ ឈឹម លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

សមត្ថកិច្ចដដែលឱ្យដឹងដែរថា ការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HY-7674 និងដែកលួសរឹងកែច្នៃ៣ ទួរណឺវិស១ ដង្កាប់២ កូនកាំបិតចុងស្រួច១ដើម។
ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕