ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងជាជួបវិបត្តិផ្លូវចិត្តរឿងអ្វីក៏ចេះតែផឹកស្រាជាប់ជាប្រចាំ លុះផឹករួចតែងតែដេកយំ ទោះជាក្រុមគ្រួសារសួរនាំរកហេតុផលយ៉ាងណាក៏មិនព្រមប្រាប់ ស្រាប់តែក្រោយមក ក៏បានបាត់ខ្លួន៣ថ្ងៃមិនដឹងទៅណា។
លុះពេលអ្នកផ្ទះធុំក្លិនស្អុយចម្លែក នឹកស្មានថាកណ្តុរងាប់ដើរតាមរកមើល ស្រាប់តែប្រទះឃើញយុវជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដាក់សម្ភារៈ ស្លាប់ឡើងហើមស្អុយទៅហើយ ទើបផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ករណីប្រទះឃើញសាកសពយុវជនចងកសម្លាប់ខ្លួនឡើងហើមស្អុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ 161LE+E1 ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះប៉ែន សុធារិទ្ធ ហៅឆេកូ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះហាក់មានបញ្ហាស្មុគ្រស្មាញដោះស្រាយមិនចេញជាច្រើនថ្ងៃមកហើយ និងតែងតែផឹកស្រារាល់ថ្ងៃ ហើយពេលស្រវឹងម្តងៗតែងតែដេកយំម្នាក់ឯងរហូតនិងចេះតែងអង្គុយសញ្ជប់សញ្ជឹងតែម្នាក់ឯង ទោះជាក្រុមគ្រួសារសួរនាំយ៉ាងណាក៏មិនព្រមប្រាប់ នៅតែលាក់លៀមមិនប្រាប់ឱ្យគេដឹងនោះទេ។

ប្រភពដដែល បានបន្តថា បន្ទាប់មកជនរងគ្រោះបានបាត់ខ្លួនចេញពីផ្ទះច្រើនថ្ងៃមកហើយ គ្មានអ្នកណាដឹងថាទៅណានោះទេ។ រហូតមកដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារបានធុំក្លិនស្អុយយ៉ាងចម្លែកពេញក្នុងផ្ទះ ទើបនាំគ្នាតាមរកមើលតាមគំនរសម្ភារៈដេគ័រផ្កាក្រែងមានកណ្តុរងាប់ តែរកមិនឃើញអ្វីសោះ។

ប្រភពបានឲ្យដឹងបន្ថែមថា លុះពេលនាំគ្នាដើរតាមរកមើលក្លិនស្អុយនោះ រហូតដល់ក្រោយផ្ទះ ចូលល់បន្ទប់ដាក់សម្ភារ ស្រាប់តែប្រទះឃើញសពជនរងគ្រោះបានចងកនៅក្នុងបន្ទប់ជាមួយខ្សែនីឡុង ភ្ជាប់នឹងមេដំបូលបន្ទប់មានសភាពហើមស្អុយ ធ្វើឱ្យគាត់ភ័យស្លន់ស្លោរត់ទៅប្រាប់អ្នកជិតខាង និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕