Monday, November 24, 2025
Homeព័ត៌មានជាតិខ្ចីលុយ១ពាន់ដុល្លារ ផ្អើលសមត្ថកិច្ចចូលឃាត់កូនបំណុល

ខ្ចីលុយ១ពាន់ដុល្លារ ផ្អើលសមត្ថកិច្ចចូលឃាត់កូនបំណុល

ភ្នំពេញ ៖ ស្ត្រី២នាក់បានផ្ទុះជម្លោះនឹងគ្នាពីរឿងខ្ចីលុយអត់សង រហូតឈានដល់អំពើហិង្សា ដោយភាគីស្ត្រីជាកូនបំណុលបានចាប់បោចសក់វ៉ៃទាត់ធាក់ទៅលើស្ត្រីជាម្ចាស់បំណុលឡើងទ្រមខ្លួន នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍ហិង្សានេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងបាយនិងគុយទាវ យីហោយីអ៊ូ រីករាយ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ស្ត្រីជាភាគីបង្ក មានឈ្មោះលីលី អាយុ ប្រមាណជាង៤០ឆ្នាំ ជាថៅកែហាងខាងលើ ស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាកូនបំណុល)។

ចំណែកភាគីស្ត្រីរងគ្រោះ ឈ្មោះធា វី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ជាម្ចាស់បំណុល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះរថយន្តមួយគ្រឿងទៅទារប្រាក់ពីថៅកែហាងខាងលើ ដែលបានជំពាក់១ពាន់ដុល្លារមិនសង។ ខណៈនោះក៏កើតមានទំនាស់ពាក្យសំដីគ្នា ហើយត្រូវបានស្ត្រីជាថៅកែហាងដេញចេញ និងបានទាញកំប៉ុងដាក់ស្លាបព្រាសម និងចង្កឹះ គប់ទៅលើម្ចាស់បំណុល និងបានយកទឹកជះ។

ប្រភពបានបន្តថា មិនតែប៉ុណ្ណោះ ថែមទាំងវាយទៅលើនារីជាម្ចាស់បំណុលទ្រមខ្លួននៅចំពោះមុខនគរបាលប៉ុស្តិ៍ និងអ្នកព័ត៌មានដែលបានចុះទៅយកព័ត៌មានករណីចរាចរណ៍ ហើយបានចូលហូបបាយក្នុងហាងនោះ។

ប្រភពដដែលបន្តថា នៅក្នុងសកម្មភាពប្រើហិង្សានោះ គេឃើញសមត្ថកិច្ចប៉ុស្តិ៍ម្នាក់ក៏បានទៅឃាត់ តែថៅកែហាងរូបនោះនៅតែបន្តប្រើហិង្សា ដោយវាយទៅលើម្ចាស់បំណុលនិងចាប់បោកដួលបោចសក់ទាញ ទាត់ធាក់យ៉ាងចាស់ដៃ។

តាមស្ត្រីជាកូនបំណុល បានឱ្យដឹងថា ដោយសារតែខឹងលុយ១ពាន់ដុល្លារសោះ តាមទាររហូត។ ប្រាក់នោះ នាងសង តែមិនទាន់មាន ព្រោះគេជំពាក់នាងដែរ។

ចំណែកស្ត្រីជាម្ចាស់បំណុលវិញ បានឱ្យដឹងថា ឈ្មោះលី លី បានខ្ចីប្រាក់ចងការចំនួន១ពាន់ដុល្លារ តាំងពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយ១០០ ការ៥ដុល្លារ។ បន្ទាប់ពីខ្ចី ការក៏មិនឱ្យដើមក៏មិនឱ្យ ហើយចេះតែសន្យាណាត់ថ្ងៃនេះថ្ងៃនោះ ហើយគេចរហូត។

លុះដល់ព្រឹកកើតហេតុ ដែលជាថ្ងៃណាត់គាត់ក៏បានធ្វើដំណើរទៅទារប្រាក់ត្រូវបានកូនបំណុលប្រើហិង្សាមកលើគាត់តែម្តង។

បន្ទាប់ពីមានអំពើហិង្សា នារីរងគ្រោះក៏បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ដោយទារជំងឺចិត្ត៥ពាន់ដុល្លារ។

ដោយឡែក ម្ចាស់ហាងក៏ត្រូវបាននគរបាលហៅទៅប៉ុស្តិ៍ ដើម្បីសាកសួរដែរ។ បន្ទាប់ពីសម្របសម្រួលមិនត្រូវគ្នាសមត្ថកិច្ចក៏បានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES