ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានទូរស័ព្ទណាត់យុវជនជាសង្សារឱ្យមកដឹកទៅលេងបន្ទប់ជួលខាងប្រុស លុះទៅដល់ខាងប្រុសក៏លួងលោមសុំរួមរ័ករហូតដល់បានសម្រេច ទើបដឹកត្រឡប់មកផ្ទះវិញ ស្រាប់តែស្ត្រីជាម្តាយឃើញកូនស្រីមានទឹកមុខស្លេកស្លាំងខុសប្រក្រតី ក៏ជជីកសួរនាំទើបបែកធ្លាយរឿងថា កូនស្រីត្រូវប្រុសព្រានល្បួងរួមរ័ក ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានល្បូងកូនស្រីគេមិនទាន់គ្រប់អាយុរួមរ័កនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ (បន្ទប់ជួលលេខ៤ ) ផ្លូវលេខ១០៤ ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។
លុះរឿងរ៉ាវបែកធ្លាយ ម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ។

យុវជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌុក សំណាង អាយុ២០ឆ្នាំ មុខរបរកម្មករផលិតសរសរគ្រឹះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ណ.ស.ភ អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានទូរស័ព្ទទៅកាន់ជនសង្ស័យដោយសួរថា “បងទំនេរឬទេ?” ខណៈនោះជនសង្ស័យឆ្លើយថា “ទំនេរតើ!” បន្ទាប់មកក្មេងស្រីរងគ្រោះក៏បានប្រាប់ថា “អ៊ីចឹងបងមកដឹកអូនទៅលេងបន្ទប់ជួលរបស់បងផង”។
ប្រភពពីសមត្ថកិច្ចបានបន្តថា ពេលនោះជនសង្ស័យក៏យល់ព្រម ហើយរហូតដល់វេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-7395 ទៅចាំយកក្មេងស្រីរងគ្រោះនៅមុខផ្សារដើមទ្រាំង ស្ថិតនៅភូមិដើមទ្រាំង ហើយក្មេងស្រីរងគ្រោះក៏បានដើរចេញពីផ្ទះទៅជួបជនសង្ស័យ រួចឡើងជិះម៉ូតូម៉ាកខាងលើជាមួយជនសង្ស័យមកបន្ទប់ជួលរបស់ជនសង្ស័យឯរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ពេលមកដល់បន្ទប់ជួលខាងលើ ក្មេងស្រីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ជួលមុន។ ចំណែកជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ជួលតាមក្រោយ រួចបិទទ្វារចាក់គន្លឹះពីខាងក្នុង ហើយជនសង្ស័យក៏បានលួងលោមរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន១លើក រួចជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ។
ប្រភពខាងលើបញ្ជាក់ថា លុះពេលទៅដល់ផ្ទះ ស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះឃើញកូនស្រីបាត់ខ្លួនអស់ជាច្រើនម៉ោង ណាមួយសភាពទឹកមុខកូនស្រីហាក់ស្លេកស្លាំងខុសធម្មតា ក៏ជជីកសួរនាំកូនស្រីរកឬសរកគល់ ទើបក្មេងស្រីរងគ្រោះលាក់បាំងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយគ្មានសល់។

បន្ទាប់ពីឮសម្តីកូនស្រីបែបនេះ ស្ត្រីជាម្តាយក៏បាននាំកូនស្រីទៅរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ឱ្យជួយអន្តរាគមន៍ ។
បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខ៤ខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះឌុក សំណាង បានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន ដោយសាររូបគេបានស្រទ្បាញ់គ្នាជាមួយក្មេងស្រីរងគ្រោះរយៈពេលប្រហែល១ឆ្នាំមកហើយ តែនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះក៏បានទូរស័ព្ទហៅរូបគេឱ្យទៅឌុបយកមកលេងបន្ទប់ជួល ហើយក៏បានព្រមព្រៀងគ្នារួមភេទបានសម្រេច១លើកតែម្តង។
យុវជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕