ភ្នំពេញ ៖ នារីរូបស្រស់ចំនួន២នាក់បានប្រើកម្មវិធីទូរស័ព្ទហៅម៉ូតូកង់បីជិះ លុះមកដល់ឃើញអ្នកបើកម៉ូតូកង់បីហាក់មានសភាពស្រវឹងធ្លាក់ភ្នែក ខ្លាចមានគ្រោះថ្នាក់ឬបញ្ហាណាមួយ ក៏បដិសេធអត់ព្រមជិះវិញ ជាហេតុធ្វើឱ្យបុរសរត់កង់បីមួម៉ៅក្តៅចិត្តបង្ករឿងឈ្លោះប្រកែកទាញបំពង់ទីបវាយបណ្តាលឱ្យរងរបួស រួចរត់ឡើងបើកម៉ូតូកង់បីគេចខ្លួនបាត់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ស្រីស្អាតទាំង២នាក់ដែលទទួលរងអំពើហិង្សាពីសំណាក់បុរសរត់កង់បី មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ។

ចំណែកបុរសជាអ្នករត់ម៉ូតូកង់បី ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា បើកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GX-7224។

តាមប្រភពពីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា មុនដំបូងពួកនាងបានហៅ (Booking) ម៉ូតូកង់បីជិះ បន្ទាប់មកក៏លេចមុខម្ចាស់ម៉ូតូកង់បីខាងលើ ដែលពាក់ស្លាកលេខភ្នំពេញ 1GX-7224 និងមានលេខសម្គាល់ Pass App P183578 បើកបរកាត់តាមមុខ។

នារីរងគ្រោះបន្តថា បន្ទាប់មកជនសង្ស័យជាអ្នកបើកកង់បីក៏ហៅពួកនាងទាំងពីរនាក់ឱ្យជិះ តែនាងមិនព្រមជិះ ដោយសារតែមើលទៅឃើញបុរសរូបនោះហាក់ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាចមានបញ្ហា ស្រាប់តែធ្វើឱ្យបុរសរូបនោះខឹងច្រឡោតបង្ករឿងឈ្លោះជាមួយពួកនាង រហូតឈានដល់ទាញបំពង់ទីបពីក្នុងកង់បីមកវ៉ៃនាង បណ្តាលឱ្យរងរបួសតែម្តង រួចឡើងជិះកង់បីឥណ្ឌាគេចបាត់ស្រមោល។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ម្ចាស់កង់បីនោះមកដោះស្រាយតាមនីតិវិធី៕