ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ឆ្លៀតពេលម្តាយភ្លេចខ្លួនក៏ដើរលេងជាមួយនឹងក្មេងៗរស់នៅផ្ទះក្បែរខាងគ្នាចំនួន៣នាក់ទៀត លុះក្រោយមកក៏បបួលគ្នាចុះទៅលេងទឹកត្រពាំង ស្រាប់តែអកុសលក្មេងប្រុសរងគ្រោះបានរអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹកក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
សពក្មេងប្រុសរងគ្រោះខាងលើ មានឈ្មោះឡុង ម៉េងស៊្រាង អាយុ១០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសប្រហែលជា៤នាក់បានបបួលគ្នាទៅ ហែលទឹកត្រពាំងនៅចំនុចកើតហេតុខាងលើ។ ដោយឡែកកុមារារងគ្រោះបានហែលទៅកន្លែងទឹកជ្រៅក៏បានលិចចូលទៅក្នុងទឹកបាត់ ខណៈពេលក្មេងៗ ដែលជាមិត្តភក្តិចុះទៅលេងទឹកជាមួយគ្នាឃើញបាត់ ក៏រត់មកប្រាប់អ្នកភូមិថា អាស៊្រាង លង់ទឹកលិចបាត់ហើយៗៗ…។
ប្រភពបានបន្ថែមថា ភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយចុះរាវអស់រយៈពេលជាងកន្លះម៉ោង ទើបអ្នកភូមិ និងប្រជាការពារមុជរកក្មេងប្រុសខាងលើនេះឃើញ តែអកុសលក្មេងប្រុសឈ្មោះស៊្រាង បានផុតដង្ហើមដោយឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕