ខេត្តពោធិ៍សាត់ ៖ មនុស្សចំនួន២នាក់បានចេញទៅធ្វើចម្ការសុខៗ ឃើញមេឃធ្លាក់ភ្លៀងខ្លាំងក៏នាំគ្នារត់ទៅចូលជ្រកក្នុងផ្ទះគ្មានមនុស្សនៅមួយកន្លែង ស្រាប់តែអកុសលត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់។
ហេតុការណ៍រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះគ្មានមនុស្សនៅមួយកន្លែង ក្បែរបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ។

ជនរងគ្រោះទាំង២នាក់ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ៖
ទី១-ឈ្មោះច្រិញ ទូច ហៅញ៉ាញ់ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅក្នុង ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។
និងទី២-ឈ្មោះអៀម វុធ ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បាននាំគ្នាចេញទៅធ្វើចម្ការនៅចំណុចក្បែរកន្លែងកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វើឱ្យជនរងគ្រោះទាំង២នាក់ បាននាំគ្នារត់ទៅជ្រកនៅក្នុងផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ស្រាប់តែអកុសលក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ។ លុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់) ប្រាកដមែន នៅគ្រាដែលពួកគាត់ចូលជ្រកភ្លៀងក្រោមផ្ទះគ្មានមនុស្សនៅ ខណៈមេធ្លាក់ភ្លៀងលាយឡំដោយខ្យល់ផ្គររន្ទះ។
គួរបញ្ជាក់ថា នៅចំណុចផ្ទះកើតហេតុធ្លាប់រន្ទះបាញ់បណ្តាលឱ្យមានមនុស្សស្លាប់ម្តងរួចមកហើយ កាលពីពេលកន្លងទៅ។
សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕