ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ទើបនឹងត្រឡប់មកពីបុណ្យភ្ជុំនៅស្រុកកំណើត ចូលមកបម្រើការងារក្នុងហាងលក់គ្រឿងក្លែម១កន្លែងវិញ យប់ឡើងបានដេកក្បែរគ្នាតាមធម្មតា ស្រាប់តែព្រឹកឡើងប្តីស្រវាឱបប្រពន្ធអត់ឃើញកម្រើកសោះ លុះក្រោកមើល ស្រាប់តែឃើញប្រពន្ធកំពុងដកចង្កាមាន់ រួចក៏ស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់គ្រឿងក្លែម ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះដែលដេកស្លាប់ខាងលើនេះ មានឈ្មោះរ៉េន រ័ត្ន មុខរបរស៊ីឈ្នួលលក់ដូរនៅកន្លែងហាងខាងលើ និងមានស្រុកកំណើតភូមិយាយអត ឃុំគុត្កសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ពួកគាត់២នាក់ប្តីប្រពន្ធដេកជាមួយគ្នាជាធម្មតា។

លុះដល់វេលាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ គាត់មិនទាន់ក្រោកភ្លាមទេ គឺបានងាកទៅស្រវាឱបប្រពន្ធនិងកេះប្រពន្ធ តែមិនឃើញប្រពន្ធកម្រើកឬឆ្លើយតបសោះ ទើបគាត់ឡើងអើតមើល ស្រាប់តែប្រទះឃើញប្រពន្ធរបស់គាត់កំពុងដកចង្កាមាន់ ធ្វើឱ្យគាត់ភ័យឆោឡោស្រែកហៅគេឯង និងហៅថៅកែហាងឱ្យជួយដែរ តែអកុសលប្រពន្ធរបស់កាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពខាងលើ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យរួច ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តទឹកថ្លា៕