ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយជាយូរមកហើយ លុះក្រោយពីបាត់ខ្លួន១ថ្ងៃ កូនស្រីតេសួរបែរជាម្តាយឆ្លើយប្រាប់ថា មកលោតទឹកពីលើស្ពានជ្រោយចង្វា តែកូនស្រីមិនជឿស្មានថាម្តាយនិយាយលេង ស្រាប់តែមិនបានប៉ុន្មានក៏មានគេទូរស័ព្ទប្រាប់ថា ម្តាយរបស់នាងបានលោតទឹកស្ពានជ្រោយចង្វាបាត់ខ្លួនទៅហើយ ធ្វើឱ្យកូនស្រីរន្ធត់ចិត្តយ៉ាងខ្លាំង មិននឹកស្មានថា សម្តីម្តាយគឺជាការពិតបែបនេះសោះ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីគិតខ្លីដែលលោតពីលើស្ពានជ្រោយចង្វាចូលទឹកទន្លេបាត់ខ្លួននេះ មានឈ្មោះហេន នាត អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រី រងគ្រោះខាងលើ បានដើរកាន់កាបូបមួយសំដៅឡើងលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ទាំងទឹកមុខហាក់ស្រងូតស្រងាត់ខ្លាំងណាស់ មិនដឹងថាមានរឿងអ្វីនោះទេ។
លុះមកដល់ចំណុចលើស្ពាន ស្ត្រីរូបនោះក៏បានទុកកាបូប រួចដោះស្បែកជើងទុកនៅលើស្ពាន បន្ទាប់មក៏ឡើងតោងបង្កាន់ដៃស្ពានលោតទម្លាក់ខ្លួនចុះទៅក្នុងទឹកលិចបាត់ស្រមោលភ្លាមៗតែម្តង សូម្បីតែប្រជាពលរដ្ឋអ្នកដំណើរស្ទុះទៅជួយឃាត់ក៏មិនទាន់ផង។

ក្រោយកើតហេតុ គេឃើញនារីវ័យក្មេងម្នាក់បានមកដល់កន្លែងកើតហេតុ និងបានអះអាងថា នាងជាកូនស្រីរបស់ស្ត្រីដែលលោតសម្លាប់ខ្លួនខាងលើ។
តាមសម្តីយុវតីឈ្មោះខេង ស្រីឡា អាយុ២៣ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ម្តាយរបស់នាងបានចេញពីផ្ទះកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ហើយបាត់រហូត ដោយនាងមិនបានចាប់អារម្មណ៍ឡើយ។

លុះនៅមុនពេលកើតហេតុ មិនឃើញម្តាយត្រឡប់ទៅផ្ទះវិញនាងក៏បានតេសួរ ស្រាប់តែម្តាយប្រាប់ថា គាត់មកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា តែនាងមិនជឿ និងមិននឹកស្មានដល់សោះថា ម្តាយគិតខ្លីបែបនេះ ព្រោះស្មានថាម្តាយនិយាយលេង។

ស្រាប់តែមកដល់វេលាម៉ោងប្រមាណ១រសៀល ក៏មានគេទូរស័ព្ទប្រាប់នាងថា ម្តាយនាងបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបាត់ហើយ។ ក្រោយមកទៀត សមត្ថកិច្ចបានតេទៅប្រាប់ថា ឱ្យមកយកកាបូប ទូរស័ព្ទ និងសំបុត្រពេទ្យ ទើបដឹងថាម្តាយពិតជាមកលោតទឹកសម្លាប់ខ្លួនមែន។

តាមការអះអាងរបស់កូនស្រី មូលហេតុដែលធ្វើឱ្យស្ត្រីមេម៉ាយខាងលើដាច់ចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួន ដោយសារតែមានជំងឺមហារីកក្រពះជាយូរមកហើយ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះខាងលើត្រូវបានលិចបាត់ខ្លួនក្នុងទឹកទន្លេ រកមិនទាន់រកឃើញនៅឡើយ៕