Monday, November 24, 2025
Homeព័ត៌មានជាតិឆែកឆេរចិនដីគោកម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងចិនហុងកុង២នាក់ ឃើញជិត៤០គីឡូ

ឆែកឆេរចិនដីគោកម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងចិនហុងកុង២នាក់ ឃើញជិត៤០គីឡូ

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិ ឈានដល់បើកប្រតិបត្តិការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន ជាជនជាតិបរទេសចំនួន៤នាក់ ក្នុងនោះមានចិនដីគោកម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងចិនហុងកុង២នាក់ ដោយរឹបអូសបានថ្នាំញៀនចំនួន៣៩កញ្ចប់ ស្មើនឹងទម្ងន់៣៩គីឡូក្រាម។

នាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការ រងនគរបាលជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ថា  ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយនេះបានធ្វើឡើងនៅយប់ថ្ងៃទី០២  ខែតុលា នៅចំណុចខុនដូមួយកន្លែង បន្ទប់លេខ១៩ ជាន់ទី២៩ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ដដែលបានឱ្យដឹងបន្តទៀតថា ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងជំនាញក១១ របស់មន្ទីរប្រឆាំងគ្រឿងញៀន  ដោយក្នុងនោះ សមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនជាតិចិន៤នាក់ រឹបអូសបានគ្រឿងញៀន៣៩កញ្ចប់ធំ មានទម្ងន់ប្រមាណ៣៩គីឡូក្រាម រួមមាន មេតំហ្វេតាមីន (ICE) ៣៥,៦៩គីឡូក្រាម សារធាតុញៀនប្រភេទកេតាមីន (Keta-mine) ២,៩៨គីឡូក្រាម និងអ៊ិចស្តាស៊ី (MD-MA) ចំនួន០,៥៧៦គីឡូក្រាម។

ករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់បន្តទៀត  ព្រោះថា អាចមានបក្ខពួកគេបន្តធ្វើរឿងនេះទៀត។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES