Monday, November 24, 2025
Homeព័ត៌មានជាតិជនរងគ្រោះចុចចំឈ្មោះច្បាស់ៗពេក... សមត្ថកិច្ចចាប់បាន៣នាក់

ជនរងគ្រោះចុចចំឈ្មោះច្បាស់ៗពេក… សមត្ថកិច្ចចាប់បាន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដែលបានធ្វើសកម្មភាពយកបំពង់ទីបដែកដេញវាយយុវជន៣នាក់ រួចប្លន់យកម៉ូតូនិងទូរស័ព្ទ១គ្រឿង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ នៅត្រង់ចំណុចបុរីសាន់ស៊ីមិច ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវក្របួចជាប់នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរប្លន់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនរងគ្រោះជាម្ចាស់ម៉ូតូនិងទូរស័ព្ទ ដែលត្រូវក្រុមជនសង្ស័យវ៉ៃប្លន់យកទៅ មានឈ្មោះស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ចំណែកក្រុមជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចក្របួច ជាប់ រួមមាន

ទី១-ឈ្មោះស៊ុ ពេជ្ររស្មី ហៅឌុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ទី២-ឈ្មោះសំ សម្បត្តិ ហៅវ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

និងទី៣-ឈ្មោះឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិសាយគៀច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ៣គ្រឿង និងបង្កាន់ដៃបញ្ចាំម៉ូតូ ១សន្លឹក។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១និង២០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ និងមិត្តភក្តិចំនួន២នាក់ទៀត រួមមាន ៖

ទី១-ឈ្មោះវណ្ណា រក្សា ភេទប្រុស អាយុ១៦ឆ្នាំ

និងទី២-ឈ្មោះ យិន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ទៅអង្គុយលេងនៅខ្ចុះក្នុងបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ពេលកំពុងតែអង្គុយនិយាយគ្នាលេងបណ្តើរ ហូបនំប៉ាវបណ្តើរ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាប្រហែលចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង

ទី១-ម៉ាក ហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-4038។

ទី២-ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AE-2925។

និងទី៣-ម៉ាកហុងដា Beat ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1AF-5112 មកដល់ក្បែរកន្លែងជនរងគ្រោះអង្គុយរួចចុះពីលើម៉ូតូរត់សំដៅមករកជនរងគ្រោះ ប្រដាប់ដោយដំបងដែកទីបជ្រុងកាន់នៅនឹងដៃ រួចស្រែកគំរាមថា ហ្នឹងហើយៗ។

ពេលនោះជនរងគ្រោះនិងមិត្តភក្តិមានការភ័យខ្លាចក៏បាននាំគ្នារត់គេចខ្លួនចោលម៉ូតូ១គ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខខាងលើ និងទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 7 Plus ដែលជនរងគ្រោះទុកនៅតុខ្ចុះកន្លែងកើតហេតុ។

ហើយក្រុមជនសង្ស័យក៏បានយកម៉ូតូនិងទូស័ព្ទដៃរបស់ជនរងគ្រោះជិះគេចខ្លូនបាត់តែម្តង រួចជនរងគ្រោះនិងមិត្តភក្តិក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងបុរីសាន់ស៊ីម៉ិច កំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពខាងលើ ក្នុងចំណោម៦នាក់នោះ ៖

ទី១-ឈ្មោះស៊ុ ពេជ្ររស្មី ហៅឌុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ទី២-ឈ្មោះយន្ត ប៊ុនលី ហៅអាត្នោត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ខាងលើ និងបក្ខពួកដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្តង។

រហូតមកដល់វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វើសកម្មភាពខាងលើបានចំនួន៣នាក់ជាបន្តបន្ទាប់ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវីធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ និងបក្ខពួកកំពុងរត់គេចខ្លួនចំនួន ៣នាក់ទៀត

ទី១-ឈ្មោះអឿង វិរៈ ហៅចយ ភេទប្រុស អាយុ២៥ឆ្នាំ

ទី២-ឈ្មោះយន្ត ប៊ុនលី ហៅអាត្នោត ភេទប្រុស អាយុ២០ឆ្នាំ

និងទី៣-ឈ្មោះយុទ្ធ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ

ពិតជាបានធ្វើសកម្មភាពប្រើដំបងដែកទីបជ្រុង ដេញវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះខាងលើទៅ ដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយចែកគ្នាស៊ីចាយប្រាកដមែន៕

RELATED ARTICLES