ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ តែមិនបានសម្រេចក៏ព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋអ្នកដំណើរបានឃើញប្រដេញតាមក៏ធ្វើឱ្យភ័យស្លន់ស្លោបើកម៉ូតូបុកម៉ូតូយុវជនម្នាក់ បណ្តាលឱ្យដួលរួចក៏ចុះរត់ចែកជើងគ្នា។
ក្នុងនោះម្នាក់រត់គេចខ្លួនបាត់ ម្នាក់ទៀតត្រូវប្រជាពលរដ្ឋក្របួចជាប់ ចំណែកម្នាក់ទៀតភ័យពេក មិនដឹងធ្វើម៉េចបែរជាលោតចូលលូសម្ងំលាក់ខ្លួន តែដោយទ្រាំក្លិនស្អុយមិនបានក៏លូនចេញមកវិញ ត្រូវប៉ូលិសក្របួចជាប់។
ករណីចោរឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចកន្លែងលក់ធូរេន តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ជនសង្ស័យជាចោរឆក់ទាំង៣នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្នុងនោះ២នាក់ត្រូវសមត្ថកិច្ចក្របួចជាប់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនរួច។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះម្នាក់កំពុងជិះម៉ូតូ១គ្រឿងម៉ាកធូដេ មិនចាំស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ១០៥។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HJ-1380 ជិះតាមមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបតែមិនសម្រេចនោះទេ។

ប្រភពដដែលបន្តថា ដោយសារតែឆក់កាបូបមិនបានសម្រេចទើបជនសង្ស័យបានព្យាយាមបើកម៉ូតូបំណងគេចខ្លួន ដោយជិះក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូង។
ស្រាប់តែមកដល់ផ្លូវ២៧៨ ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4450 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ២៧៨ ជិះដោយយុវជនម្នាក់យ៉ាងពេញទំហឹង បណ្តាលឱ្យដួលរងការខូចខាតម៉ូតូទាំងពីរគ្រឿងផ្នែកខាងមុខយ៉ាងដំណំ។

ប្រភពខាងលើបញ្ជាក់ថា នៅពេលជួបនឹងសភាពបែបនេះ ក្រុមជនសង្ស័យទាំង៣នាក់ក៏ស្ទុះរត់ចែកផ្លូវគ្នាយកប្រាស់អាយុតែរៀងខ្លួន ដោយក្នុងនោះជនសង្ស័យទី១បានរត់ទៅទិសខាងត្បូងបត់ទៅលិច តាមបណ្តោយផ្លូវ២៨០ មកដល់ផ្លូវ១១៣ ក៏ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកជនសង្ស័យទី២ បានរត់ទៅទិសខាងជើង បត់ទៅផ្លូវ២៧៦ ពីកើតទៅលិច គេចខ្លួនបាត់ស្រមោល។

ដោយឡែក ជនសង្ស័យទី៣ ភ័យស្លន់ស្លោពេកមិនដឹងធ្វើម៉េច បែរជាស្ទុះលោតចូលលូទឹកស្អុយក្បែររបងមន្ទីរពេទ្យក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រួចក៏ព្យាយាមពួនសំងំជាង១ម៉ោង ទើបសមត្ថកិច្ចយកដែកត្បែងមកបុកទម្លុះគម្របលូ ហើយស្រែកហៅឱ្យជនសង្ស័យរូបនោះចេញមកខាងក្រៅ បន្ទាប់មកដោយសារទ្រាំនិងក្លិនស្អុយក្នុងលូតទៅទៀតលែងបាន ទើបជនសង្ស័យបានលូនចេញមកក្រៅ ត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ដោយសារខ្លួនប្រាណរបស់ជនសង្ស័យទី៣ មានសភាពប្រឡាក់ភក់ស្អុយគគ្រុក ទើបសមត្ថកិច្ចបាយកទឹកសុទ្ធមកស្រោចដុះលាងឱ្យជនសង្ស័យ លុះកំពុងដុះលាងឱ្យជនសង្ស័យនោះក៏មានបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ខឹងសម្បាខ្លាំងពេកទប់ចិត្តមិនបាន ក៏ស្ទុះទៅធាក់ជនសង្ស័យ១ជើង ស្ទើរបាក់ចង្កេះ និងត្រូវសមត្ថកិច្ចចាប់យកទៅសួរនាំនិងធ្វើកិច្ចសន្យាមិនឱ្យវាយទៅលើជនសង្ស័យលើកក្រោយទៀត។

ដោយទ្បែកជនរងគ្រោះមិនមានបាត់បង់កាបូបទេ ហើយក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័ទាំង២នាក់ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត ដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធី៕