ខេត្តតាកែវ ៖ កូនប្រុសរមិលគុណម្នាក់ក្រោយផឹកស្រាស្រវឹង ក៏សុំលុយម្តាយបំណងយកទៅទិញថ្នាំញៀនជក់ តែម្តាយប្រាប់ថាអត់មានលុយឱ្យ ក៏មួម៉ៅក្តៅចិត្តស្ទុះទាញកាំបិតដេញកាប់ម្តាយខ្លួនឯងសឹងរត់មិនទាន់។
ករណីហិង្សានេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់។

កូនប្រុសរមិលគុណដែលទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ មានឈ្មោះឯក វណ្ណា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយបានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) គ្មានការងារអ្វីធ្វើទេ សព្វថ្ងៃដើរទាត់ខ្យល់ សេពគប់មិត្តភក្តិបនភឿនសុទ្ធតែក្មេងទំនើង មួយថ្ងៃៗគិតតែពពាក់ពពូនគ្នាផឹកស្រាជក់ថ្នាំញៀន ទោះស្តីប្រដៅអូសទាញយ៉ាងណាក៏មិនស្តាប់សោះ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ កូនប្រុសកំណាចរូបនេះបានផឹកស្រាស្រវឹងមកពីណាមិនដឹង បានចូលមកផ្ទះសុំលុយគាត់យកទៅទិញថ្នាំញៀនជក់ តែគាត់មិនចង់ឱ្យកូនលង់ខ្លួននឹងថ្នាំញៀន ទើបប្រាប់ថាគ្មានលុយឱ្យទេ ស្រាប់តែធ្វើឱ្យគេខឹងច្រឡោតស្ទុះទាញកាំបិតដេញកាប់គាត់ជាម្តាយទាំងកំរោល តែសំណាងល្អបានអ្នកជិតខាងជួយទាន់ពេល កុំអីមិនដឹងទៅជាយ៉ាងណានោះទេ។

ស្ត្រីរងគ្រោះជាម្តាយរូបនេះ បន្តទៀតថា បន្ទាប់ពីដេញកាប់គាត់មិនបានសម្រេច ជនសង្ស័យបានទៅកាប់ជើងគោនិងដុតផ្ទះទៀត តែបានអ្នកភូមិជួយពន្លត់ភ្លើងទាន់ ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់តែម្តង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕