ក្រោយពីឯកឧត្តមឈាង វ៉ុន ប្រធានគណកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសភា បានមានប្រសាសន៍ថា “ប្រាក់ចំណូលរដ្ឋបាត់បង់ព្រោះកម្មករធ្វើពុតឈឺ យកលុយពីប.ប.ស ការពិតពួកគេមិនឈឺទេ” នោះ បានធ្វើឲ្យលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហោះសារបែបហួសចិត្តនីលើទំព័រហ្វេសប៊ុក។
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា “អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់លោកឈាង វុន ។

ដូចនេះបានន័យថាអំពើពុករលួយ ការឃុបឃិតកិបកេងរបស់មន្ត្រីខិលខូច មិនមែនជាការនាំអោយបាត់ចំណូលរដ្ឋទេ បែរជាកម្មករអ្នកធ្វើអោយបាត់ចំណូលរដ្ឋទៅវិញ!”។
លោកបានបន្តថា
“មុននឹងនិយាយអ្វីសុំគិតខ្លះផង ព្រោះនិយាយក្នុងនាមស្ថាប័ន
សភា ដែលជាស្ថាប័នកំពូលជាតិ ហើយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ
? គោលការណ៍អ្នកនាំពាក្យដ៏ពូកែ
គឺនាំពាក្យ មិនមែននាំរឿងនោះទេ”។
មកដល់ព្រឹកនេះ លោកវឌ្ឍនាសាប៊ុង បានបង្ហោះសារបន្ថែមថា “រឿង បសស អត់មានខាតបង់ចំណូលរដ្ឋទេសូមសាធារណៈជនកុំយល់ច្រលំ ប្រាក់បង់ បសស គឺនិយោជកជាអ្នកបង់ ដោយប្រាក់នោះកាត់ចេញពីប្រាក់ខែកម្មករដោយស្វ័យប្រវត្តិ”។

លោកបានបន្ថែមចុងក្រោយថា “តែបើតំណាងរាស្ត្រឬអ្នកនាំពាក្យនិយាយមិនដឹងទិស នាំតែរឿង ទើបខាតលុយរដ្ឋ រាស្ត្របង់ពន្ធអោយប្រាក់ខែ មិនមែនសម្រាប់អោយហូបបាយមានកម្លាំង និយាយទាំងមិនដឹងទិសនោះឡើយ” ។
យ៉ាងណា មកដល់ពេលនេះ គេមិនទាន់ឃើញឯកឧត្តមឈាង វ៉ុន ឆ្លើយតបចំពោះការបង្ហោះរបស់លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅឡើយទេ៕