ខេត្តស្ទឹងត្រែង ៖ ប្តីប្រពន្ធ២នាក់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតដល់ភាគីបុរសជាប្តីផ្ទុះកំហឹងស្ទុះទៅទាញច្រវាចែវទូកវាយសម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅ រួចរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ ដោយមិនទាន់ដឹងថាមូលហេតុផ្តើមចេញពីរឿងអ្វីនោះទេ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៩នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកោះខនឌឹន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវាយសម្លាប់ មានឈ្មោះផៃ ណា អាយុ២៧ឆ្នាំ។ ចំណែកបុរសជាប្តី ដែលជាឃាតករ មានឈ្មោះតី ឯកសុគី ជាមន្ត្រីនគរបាលជាតិវរៈសេនាតូចការពារព្រំដែនគោក៧០១។ ប្តីប្រពន្ធអ្នកទាំង២មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ទាក់ទិននឹងករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចមិនទាន់បានទទួលការបំភ្លឺច្បាស់លាស់ពីសាក្សីណាម្នាក់នៅឡើយទេ អំពីមូលហេតុបណ្តាលឱ្យបុរសជាប្តីយកច្រវាចែវទូកវាយសម្លាប់ប្រពន្ធនោះ។

បើតាមប្រភពពីអ្នកជិតខាង គ្រាន់តែនិយាយថា មុនដំបូង គេបានឮប្តីប្រពន្ធនោះឈ្លោះគ្នា ប៉ុន្តែមិនមានរឿងអ្វីធំដុំនោះទេ លុះមួយសន្ទុះក្រោយមកក៏មានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះជាប្រពន្ធបានស្លាប់ ចំណែកបុរសជាប្តីរត់គេចខ្លួនបាត់ទៅហើយ។
ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនិងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់។

ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕