ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងចុះសហការណ៍ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់និងនាំខ្លួនជនសង្ស័យចំនួន២នាក់ទាក់ទងករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន
ទី១-ឈ្មោះចក់ ផល្លី ភេទប្រុស អាយុ២៣ឆ្នាំ
២-ឈ្មោះចក់ សានិត ហៅនុត ភេទប្រុស អាយុ១៩ឆ្នាំ។ ទាំង២នាក់បងប្អូននេះ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង១៤នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើដងផ្លូវក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធមួយបានកើតឡើង។
លោកអធិការនគរបាលស្រុកបាណន់ បានបន្តថា ក្នុងនោះជនសង្ស័យមួយក្រុមមានគ្នាចំនួន៤នាក់ បានប្រើប្រាស់កាំបិតស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះចំនួន៣នាក់
ទី១-ឈ្មោះលន់ ឡា ភេទប្រុស អាយុ១៥ឆ្នាំ (ស្លាប់)
ទី២-ឈ្មោះរ៉ុង ណារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួស)
និងទី៣-ឈ្មោះកូវ សុជឿត ភេទប្រុស អាយុ១៤ឆ្នាំ (រងរបួស) ជនរងគ្រោះទាំង៣នាក់មានលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅក្រោយពេលករណីនេះកើតឡើងនិងអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដែលមានឈ្មោះនី គឹមហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់។

ស្នងការរងបានបញ្ជាក់បន្ថែមថា ហើយឆ្លងតាមរយៈការស្រាវជ្រាវនិងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបសមត្ថកិច្ចនគរបាលចុះសហការឃាត់និងនាំខ្លួនបក្សពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត រហូតដល់ខេត្តព្រះវិហារតែម្តង។

គួរបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលកើតឡើងខាងលើនេះ គឺបណ្តាល មកពីរឿងគំនុំរវាងក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះ។
បច្ចុប្បុន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕