ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ទើបនឹងសម្រាលកូនបានប្រមាណ១០ខែ កំពុងបំពេញការងារក្នុងរោងចក្រសុខៗស្រាប់តែកើតមានអាការដួលសន្លប់បាត់មាត់បាត់ក ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងរោងចក្រ និងត្រូវបានមិត្តភក្តិរួមការងារជួយដឹកបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។
ប៉ុន្តែអកុសល បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចក៏ប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ជាហេតុធ្វើឱ្យបុរសជាប្តីរន្ធត់ចិត្តយ៉ាងខ្លាំងនិងបានទួញយំឱបសពប្រពន្ធ ព្រមទាំងទទូចអង្វរឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការស្លាប់របស់ប្រពន្ធខ្លួនផង។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងមន្ទីរសម្រាកព្យាបាលសុខលាភ ទួលសង្កែ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ស្ត្រីរងគ្រោះខាងលើ មានឈ្មោះឈន ចន្ធូ ហៅឆាយ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ យីហោហៃតាន់អេចប៊ីខេមបូឌា ឯ.ក ស្នាក់នៅផ្ទះជួលក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើតនៅភូមិព្រៃចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះមានប្តីឈ្មោះអិល ធុច អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ និងមានកូនស្រីម្នាក់ទើបនឹង អាយុ១០ខែប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើ បានចូលមកធ្វើការក្នុងរោងចក្រជាធម្មតា លុះបន្តិចក្រោយមកក៏ត្អូញប្រាប់មិត្តភក្តិរួមការងារថា នាងដូចជាមិនសូវស្រួលខ្លួនសោះ ចេះតែឈឺក្បាល។

ប្រភពបានបន្តថា ឮបែបនេះ មិត្តភក្តិក៏បានមកជួយច្របាច់ឈ្លីនិងប្រុងដកសក់ឱ្យស្ត្រីរងគ្រោះដែរ តែរំពេចនោះ ស្ត្រីរងគ្រោះបានកើតមានអាការក្រដាស រួចក៏ដួលសន្លប់បាត់មាត់បាត់កតែម្តង។
ប្រភពបន្តទៀតថា នៅពេលឃើញសភាពបែបនេះ មិត្តភក្តិរួមការងារក៏បាននាំគ្នាជួយធ្វើចលនាសង្គ្រោះបឋមដែរ ប៉ុន្តែស្ត្រីរងគ្រោះនៅមិនដឹងខ្លួន ក៏នាំគ្នាជួយបីទៅបន្ទប់ពេទ្យដែរ តែដោយសារឃើញស្ថានភាពហាក់មិនបានធូរស្រាលសោះ ទើបប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះតាមរ៉ឺម៉កម៉ូតូកង់បី ឆ្ពោះទៅមន្ទីរសម្រាកព្យាបាលសុខលាភ ដែលជាដៃគូសហការជាមួយប.ស.ស ណាមួយមានទីតាំងនៅក្បែរនោះស្រាប់។

ប្រភពបន្ថែមថា លុះបញ្ជូនទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញបុរសជាប្តីបានធ្វើដំណើរមកដល់ទួញយំឱបសពប្រពន្ធគួរឱ្យរន្ធត់ចិត្តជាពន់ពេក និងបានចោទសួរខាងរោងចក្រថា ហេតុអ្វីមិនដឹកប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យរដ្ឋដ៏ធំដើម្បីសង្គ្រោះ?

ជាមួយនេះ បុរសជាប្តីក៏បានលើកដៃសំពះទាំងទឹកភ្នែកទទូចសុំឱ្យសមត្ថកិច្ចឱ្យជួយរកមូលហេតុនៃការស្លាប់របស់ប្រពន្ធគាត់ឱ្យបានច្បាស់លាស់ផង។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបុរសជាប្តីដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាពន់ពេក៕
