ខេត្តកណ្តាល ៖ ក្មេងស្ទាវចំនួន២ក្រុមគ្រាន់តែជិះម៉ូតូកាត់មុខគ្នា ក៏សម្លឹងសម្លក់ឌឺដងដាក់គ្នាទៅវិញទៅមករហូតកើតជាជម្លោះជិះម៉ូតូដេញកាប់ចាក់វ៉ៃតប់គ្នាប្រសាចពេញផ្លូវ លុះសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើឱ្យភាគីទាំងសងខាងភ័យនាំគ្នារត់គេចខ្លួនចោលម៉ូតូ១គ្រឿងនៅនឹងកន្លែងកើតហេតុ លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នាំយកមកសាកសួរ។
ករណីអំពើហិង្សា ក្មេងស្ទាវដេញវាយតប់កាប់ចាក់គ្នាផ្អើលពេញភូមិនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ពានអូរចារ ស្ថិតក្នុងភូមិវាលឃុំស្អាងភ្នំ ស្រុកស្អាង។
ជនសង្ស័យក្រុមទី១ មានគ្នា៦នាក់ រួមមាន
ទី១-ឈ្មោះសុខ សំណាង ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ជាអ្នកកាន់ដំបងឈើ (ឃាត់ខ្លួន)។
ទី២-ឈ្មោះសេង រតនា ហៅរដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ជាអ្នកកាន់ខ្សែក្រវាត់ រងរបួសដើមដៃខាងឆ្វេង (ឃាត់ខ្លួន)។
ទី៣-ឈ្មោះដា ឆៃហ្វុង ហៅឆៃឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ (ឃាត់ខ្លួន)។
ទី៤-ឈ្មោះនី ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ ជាអ្នកកាន់ខ្សែក្រវាត់ (គេចខ្លួន)។
ទី៥-ឈ្មោះគាំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ជាអ្នកកាន់ដុំឥដ្ឋ (គេចខ្លួន)។
និងទី៦-ឈ្មោះគៀត សុខគា ហៅកែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ជាអ្នកកាន់ដាវ និងដុំឥដ្ឋ (គេចខ្លួន)។

ជនសង្ស័យទាំង៦នាក់ខាងលើ មានលំនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង។
ចំណែកជនសង្ស័យក្រុមទី២ មានគ្នា៦ទៅ៧នាក់ មិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកាំបិតប៉័ងតោ ខ្សែក្រវាត់ និងជំពាមកៅស៊ូ ក្រោយកើតហេតុបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១ភ-៣៤៧៧។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះខុន រដ្ឋា ហៅតុង ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះថា វ៉ាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូឌុបគ្នា ចំណែកឯឈ្មោះដា ឆៃហ្វង ហៅឆៃឡេង និងឈ្មោះនី ឧត្តម ជិះម៉ូតូឌុបគ្នាចេញពីភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ទៅលេងផ្ទះមិត្តភក្តិនៅផ្សារកណ្តាល ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង។
សមត្ថកិច្ចបានបន្តថា នៅពេលដែលចេញមកវិញ បានជួបក្រុមជនសង្ស័យទី២ ជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ បានសម្លក់សម្លឹងឌឺដងគ្នាហើយក៏ត្រូវបក្ខពួកជនសង្ស័យទី២ ជិះម៉ូតូដេញវ៉ៃដល់ចំណុចមុខវត្តព្រែកតូច ស្ថិតក្នុងឃុំព្រែកគយ បណ្តាលឱ្យឈ្មោះខុន រដ្ឋា និងឈ្មោះនី ឧត្តម ជិះម៉ូតូជាមួយគ្នាដួលរងរបួសស្រាល។
ប្រភពដដែលបន្តថា លុះដល់ម៉ោង៣និង៤៥នាទីរសៀលថ្ងៃដដែល ជនសង្ស័យក្រុមទី១ ដែលមានគ្នា៦នាក់បានជិះម៉ូតូ៣គ្រឿង ទៅលេងនៅចំណុចអូរចារ ស្ថិតក្នុងឃុំស្អាងភ្នំ បានជួបក្រុមជនសង្ស័យទី២ រួចបានធ្វើសកម្មភាពដេញវាយកាប់គ្នាទៅវិញទៅមក ហើយបានរត់គេចរៀងៗខ្លួន ដោយបន្សល់ទុកនៅម៉ូតូ១គ្រឿង។
ក្រោយពីបានទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំក្រាំងយ៉ូវ ប៉ុស្តិ៍ព្រែកគយ បានចុះដល់កន្លែងកើតស្រាវជ្រាវរកឃើញបក្ខពួកជនសង្ស័យក្រុមទី១ ចំនួន៣នាក់ យកមកធ្វើការសាកសួរ ហើយបានសារភាពថា ពួកខ្លួនពិតជាបានដេញវាយកាប់គ្នាប្រាកដមែន។ ចំណែកបក្ខពួកម្ខាងទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ករណីនេះកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕