ខេត្តតាកែវ៖ ព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំនៅក្នុងកុដិ ហើយត្រូវបានចាប់ផ្សឹក បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស។
ហេតុកាណ៍ឃាត់ខ្លួនសង្ឃទ្រុស្តសីលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងចា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងវត្តថ្មអន្ទង។

ជនសង្ស័យមានឈ្មោះ កី បូរី អាយុ២១ឆ្នាំ នៅវត្តថ្មអន្ទង ក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តឹង បានឃាត់ខ្លួនព្រះសង្ឃខាងលើពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រភពពីសមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបាន ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបន្ថែមថា ក្រោយឃាត់ខ្លួនដោយមានការចូលរួមពីលោកអភិបាលស្រុកបាទី លោកប្រធានការិយាល័យធម្មការ និងសាសនាស្រុកបាទី ព្រមទាំងចៅអធិការវត្តថ្មអន្ទង បានធ្វើការផ្សឹកព្រះសង្ឃខាងលើ នៅថ្ងៃកើតហេតុតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕