ខេត្តកំពង់ចាម ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនពីបទលួច រួចបញ្ជូនទៅចាត់ការតាមច្បាប់ បន្ទាប់ពីស្ត្រីដៃស្អិតរូបនេះបានធ្វើសកម្មភាពលូកហោប៉ៅ លួចយកទូរស័ព្ទរបស់ជនរងគ្រោះចំនួន២គ្រឿង រួចគេចខ្លួន តែត្រូវម្ចាស់ប្តឹងសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីងបានភ្លាមៗ។
យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនបានភ្លាមៗ ពាក់ព័ន្ធករណីលួចទូរស័ព្ទប្រព្រឹត្តនៅចំណុចក្នុងផ្សារធំកំពង់ចាម កាលពីវេលាម៉ោង២និង៥០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ មានឈ្មោះថន សម្ផស្ស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពេលឃាត់ខ្លួននោះ កម្លាំងនគរបាលបានដកហូតវត្ថុតាងទូរស័ព្ទ២គ្រឿង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកហោប៉ៅលួចយកទូរស័ព្ទ ចំនួន២គ្រឿងរបស់ជនរងគ្រោះប្រាកដមែន នៅចំណុចក្នុងផ្សារធំកំពង់ចាម ហើយត្រូវម្ចាស់ដឹងខ្លួនទាន់ ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម កសាងសំណុំរឿងអនុវត្តតាមនីតិវិធី តាមបញ្ជារបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងប្រគល់ទូរស័ព្ទជូនម្ចាស់វិញ តាមការស្នើសុំ៕