តារាចម្រៀងសេន យូរី ហៅយូរី នៅរដូវធ្លាក់ភ្លៀងនេះ នាងបែរជាមមាញឹករឿងរកស៊ីច្រើនជាងអាជីពចម្រៀងទៅវិញ ដោយនាងបានហោះទៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែកញ្ញា ហើយទើបតែវិលវិញកាលពីថ្ងៃទី១៩ខែកញ្ញា នឹងបានឡើងឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបាយ័ន ភ្លាមៗតែម្តង។

ដោយឡែក នៅថ្ងៃទី២៥ ខែកញ្ញា នេះដែរ យូរី នឹងហោះទៅប្រទេសជប៉ុន រយៈពេល១សប្តាហ៍ ទៀតផងដែរ ហើយនឹងវិលវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។ ការទៅក្រៅស្រុកផ្ទួនៗរបស់យូរី នៅពេលនេះ មិនមែននាងទៅច្រៀងសម្តែងដូចតារាផ្សេងៗទៀតទេ ប៉ុន្តែនាងចេញទៅដើម្បីសិក្សាពីការធ្វើជំនួញឱ្យបានច្បាស់លាស់ មុននឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

យូរី បានឱ្យដឹងថា នាងទៅកូរ៉េ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់នៅរោងចក្រគ្រឿង Cosmetic របស់កូរ៉េ ហើយនាងទៅតេស្តមើលផលិតផលទាំងនោះដោយផ្ទាល់ ដើម្បីឱ្យដឹងពីគុណភាព។
យូរី បន្តថា ផលិតផលដែលនាងគ្រោងនាំចេញពីកូរ៉េ មកចូលកម្ពុជានេះ គឺផ្តោតលើក្រែមលាបបបូរមាត់ ម៉ាកល្បីរបស់កូរ៉េ ដូចជា Original និងម៉ាសក៍បិទមុខ។

ដោយឡែក សម្រាប់ការចេញទៅប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញា នេះ ក៏ដូចទៅកូរ៉េ ដែរ គឺនាងទៅតេស្តមើលផលិតផលក្រែមលាបបបូរមាត់ និងម៉ាសក៍មុខនេះដែរ ព្រោះគម្រោងរបស់នាង គឺត្រូវយកទាំងផលិតផលនៅកូរ៉េនិងជប៉ុន ចូលមកទាំង២ប្រទេសនេះតែម្តង។

ទោះជាពេលនេះ យូរី កំពុងមមាញឹករឿងការធ្វើជំនួញធំតាមរយៈការបើកគ្រឿង Cosmetic ពីបរទេស ចូលមកលក់នៅស្រុកខ្មែរមែន ប៉ុន្តែយូរី ថា សម្រាប់ទីតាំងហាងរបស់នាងវិញ មិនទាន់បានកំណត់ទីតាំងឬឌីហ្សាញនោះទេ។

យូរី បានបន្ថែមថា មុខជំនួញនេះអាចទៅរួច ព្រោះនាងសន្សំលុយជាច្រើនឆ្នាំមកហើយ ដោយមិនមានការលេងម៉ូដឡានដូចគេទេ ហើយការរកស៊ីផ្នែកនេះអាចទៅរួច គឺត្រូវមានទុកមិនក្រោម១០ម៉ឺនដុល្លារឡើយ។

ម្ចាស់បទ “ចាក់ទឹកដូង”នេះថា អាជីពសិល្បៈមិនអាចឋិតថេរបានទេ ហេតុនេះហើយនាងត្រូវតែពង្រឹងមុខរបរមួយក្រៅសិល្បៈឱ្យបានរឹងមាំ ដើម្បីកុំឱ្យមានជីវភាពលំបាកទៅថ្ងៃក្រោយ៕