មូលហេតុដែលនាំឲ្យប្តីបាញ់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅកាលពីយប់មិញ បុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់ប្រហារប្រពន្ធមែន បំណងចង់សម្លាប់ប្រពន្ធចោល មូលហេតុដោយសារតែភ្លើងប្រចណ្ឌ ខឹងរឿងប្រពន្ធមានប្រុសថ្មី។

ជនដៃដល់ជាប្តី បានរៀបរាប់ទាំងស្រុងថា “ខ្ញុំរៀបការនៅឆ្នាំ២០០៥ មានកូន២នាក់ (ប្រុស១ ស្រី១) សព្វថ្ងៃខ្ញុំនៅបន្ទាយមានជ័យ ចំណែកប្រពន្ធរស់នៅភ្នំពេញ លុះដល់ពេលបែកទៅ ក៏ស្រាប់តែឃើញថា ប្រពន្ធដូចជារាងប្លែក ធ្វើឬកខ្លួនឯងជាអ្នកភ្នំពេញ មិនតែប៉ុណ្ណោះប្រពន្ធតែងតែកុហកខ្ញុំជាញឹកញាប់ និងតែងត្រូវបានខ្ញុំតាមទាន់រហូត…”។

ជនដៃដល់រូបនេះ បន្តថា “ជាក់ស្តែង ថ្ងៃមុននៅម៉ោងប្រហែល៩ទៅ១០យប់ ខ្ញុំធ្លាប់បានតាមទាន់ប្រពន្ធជាមួយនឹងប្រុសថ្មីម្តងរួចមកហើយ ដោយកាលណោះ ខ្ញុំបានមកភ្នំពេញ ដោយលាក់បាំងមិនឱ្យប្រពន្ធដឹងទេ រួចបានផ្ញើឡាននៅផ្ទះសំណាក់ រួចក៏ជួលម៉ូតូឌុបជិះតាមដានមើលប្រពន្ធ មានអីក៏ឃើញប្រុសម្នាក់បានដឹកប្រពន្ធរបស់ខ្ញុំ ទើបខ្ញុំទ្រាំមិនបាន ក៏ឃាត់សួរនាំនិងថែមទាំងបានវ៉ៃទាំងប្រពន្ធទាំងប្រុសសហាយនោះទៀតផង …”។

ជនដៃដល់ជាប្តី បានបញ្ជាក់ថា “លុះមកដល់ថ្ងៃកើតហេតុ នៅពេលក្បាលព្រលប់ ខ្ញុំបានបបួលចូលហាងខាងលើ រួចហើយប្រពន្ធក៏និយាយស្តីធ្វើឬកថាខ្លួនជាអ្នកភ្នំពេញ ទើបខ្ញុំទ្រាំមិនបានក៏ដកកាំភ្លើងបាញ់ប្រពន្ធចំនួន៤គ្រាប់តែម្តង…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ដកកាំភ្លើងបាញ់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចក្នុងអាហាដ្ឋាន យីហោទីរ៉ានី មានទីតាំងស្ថិតនៅតាមផ្លូវបណ្តោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិចុងថ្នល់លិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយពេលបាញ់ប្រពន្ធហើយ បុរសជាប្តីបានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6753 រត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បាន។

ស្ត្រីរងគ្រោះដែលត្រូវប្តីបាញ់ប្រហារចំនួន៧គ្រាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ មានឈ្មោះជា បតី ហៅជា គឹមឡាង អាយុ៣៥ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារចិនណាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (រងរបួសដើមដៃខាង ឆ្វេង១គ្រាប់ ពោះទឹកខាងឆ្វេង១គ្រាប់ លើស្មាខាងស្តាំ១គ្រាប់ និងលើពោះទឹកខាងស្តាំ១គ្រាប់)។

ចំណែកជនដៃដល់ជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរយោធា (ខេមរភូមិន្ទភូមិភាគ) ស្នាក់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបាត់ដំបង (គ្មានសារធាតុញៀន)។ រីឯសម្ភារបន្សល់ទុក រួមមានអាវុធខ្លី១ដើម ម៉ាក K59 លេខ២៤០៣ សំបកគ្រាប់៧គ្រាប់ និងក្បាលគ្រាប់១គ្រាប់៕