ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ត្រូវបានបុរសចំណាស់ល្មោភកាមម្នាក់ចាប់រំលោភរហូតដល់បានសម្រេច និងថែមទាំងគំរាមសម្លាប់ចោលទៀតផង ទើបធ្វើឱ្យក្មេងស្រីរងគ្រោះភ័យខ្លាចក៏ព្យាយាមលាក់បាំងរឿងរបស់ខ្លួន លុះក្រោយមកស្រាប់តែក្មេងស្រីរងគ្រោះបាត់រដូវភ័យខ្លាចមានផ្ទៃពោះ ក៏ទៅទិញឧបករណ៍ពិនិត្យទឹកនោមពីគ្លីនិកឯកជនមួយ ទីបំផុតរឿងរ៉ាវក៏បានបែកធ្លាយ ឈានដល់ការដាក់ពាក្យបណ្តឹងចាប់ជនល្មោភកាមយកមកចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចក្នុងផ្ទះរបស់ក្មេងស្រីរងគ្រោះស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លុះរឿងរ៉ាវបានបែកធ្លាយ ឪពុកម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យល្មោភកាមរូបនោះបាន កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្មេងស្រីរងគ្រោះខាងលើទើបនឹងមានវ័យ១៣ឆ្នាំប៉ុណ្ណោះ មានមុខរបរជាសិស្ស និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាមខាងលើដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ បឺប អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់ជាមួយគ្នា។
តាមប្រភពពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ពួកគាត់បានដឹងព័ត៌មានខាងលើតាមរយៈនាយកសាលា ខណៈដែលខាងគ្រូពេទ្យនៅគ្លីនិកឯកជនមួយ បានទាក់ទងប្រាប់ពេលឃើញកូនស្រីរបស់គាត់បានទៅនាងទៅរកទិញឧបករណ៍ពិនិត្យទឹកនោម គួរឱ្យសង្ស័យ។
លុះក្រោយទទួលបានព័ត៌មានពីនាយកសាលាភ្លាម ពួកគាត់ជាឪពុកម្តាយក៏បានហៅកូនស្រីមកធ្វើការសាកសួរ លុះដឹងការពិតហើយ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាល ដើម្បីទាមទាររកយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ហើយជនសង្ស័យត្រូវបានអ្នកស្រុកចាប់បានក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ រួចក៏ប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល ខណៈឃើញដើរតាមដងផ្លូវក្រោយពីគេចខ្លួនមួយរយៈ។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ខណៈដែលនាងកំពុងប្រមូលខោអាវបោក ម៉្យាងបន្ទប់ទឹកងងឹត ស្រាប់តែបុរសចំណាស់ខាងលើបានដើរចូលទៅចាប់ខ្ទប់មាត់នាងមិនឱ្យស្រែក ហើយដាល់១ដៃចំពោះ ធ្វើឱ្យនាងចុកឆ្អល់ហានិយាយលែងចេញ រីឯឪពុកម្តាយរបស់នាងរវល់ទៅលក់ដូរតាមភូមិអស់ទៅហើយ។ បន្ទាប់មកជនសង្ស័យក៏លើកនាងដាក់លើគ្រែ រួចក៏ធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតដល់បានសម្រេច។
ក្មេងស្រីរងគ្រោះបន្តថា ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគំរាមសម្លាប់នាង ប្រសិនបើនាងហ៊ានទម្លាយរឿងមួយនេះប្រាប់គេឯង ទើបធ្វើឱ្យនាងភ័យខ្លាច ក៏ចេះតែខាំមាត់សង្កត់ចិត្ត បៀមលាក់ទុក្ខក្នុងទ្រូងតែម្នាក់ឯងរហូតមក។ ប៉ុន្តែក្រោយមកដោយសារតែនាងបាត់រដូវ ទើបធ្វើឱ្យមានការព្រួយបារម្ភខ្លាចមានផ្ទៃពោះក៏បានចូលទៅគ្លីនិកមួយ ដើម្បីរកទិញឧបករណ៍ពិនិត្យទឹកនោម ដឹងអីបែរជារឿងនេះបែកធ្លាយដឹងដល់នាយកសាលា និងឃើញសមត្ថកិច្ចហៅនាងសាកសួរជាមួយគ្រូៗទៀតផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាបានលួងលោមរំលោភក្មេងស្រីខាងលើបានម្តងមែន។
ករណីនេះ សមត្ថកិច្ចប្រាប់ថា កំពុងធ្វើការនៅឡើយ ហើយក្រោយបញ្ចប់ការសាកសួរ នឹងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី៕