Monday, November 24, 2025
Homeព័ត៌មានជាតិនាងលួងលោមឲ្យមកដោះស្រាយគ្នា ពេលប្រុសមកដល់ ចូលស៊ងតែម្តង

នាងលួងលោមឲ្យមកដោះស្រាយគ្នា ពេលប្រុសមកដល់ ចូលស៊ងតែម្តង

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ពីបទរំលោភទំនុកចិត្ត បន្ទាប់ពីជនសង្ស័យម្នាក់នេះខ្ចីម៉ូតូជិះរួចយកទៅលក់ហើយគេចវេះអស់រយៈពេលមួយឆ្នាំ ទើបតែជនរងគ្រោះទាក់ទងបានតាមទូរស័ព្ទលួងលោមឱ្យមកនិយាយគ្នា ក៏ឱ្យសមត្ថកិច្ចឃាត់ខ្លួនជននេះបានតែម្តង។

ការឃាត់ខ្លួនជនឆបោកនេះ ប៉ូលិសបានធ្វើឡើងតាមបណ្តឹងជនរងគ្រោះកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងភូមិវិហារសួគ៌ខាងត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះមិន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្តរ៍ មានលំនៅភូមិឆ្លក ឃុំសង្ឃរ័ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះព្រឿង សុខគីម ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចនគរបាលឱ្យដឹងថា ម៉ូតូដែលជនសង្ស័យខ្ចីពីជនរងគ្រោះបោកយកទៅលក់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ- 3215។ នៅពេលឃាត់ខ្លួនដកហូតបានម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ជារបស់ជនសង្ស័យ។

តាមការរៀបរាប់ពីជនរងគ្រោះ ប្រាប់ សមត្ថកិច្ចថា កន្លងមកជនសង្ស័យបានស្គាល់នារីរងគ្រោះនិងមានទំនាក់ទំនងរាប់អានគ្នារយៈពេលជាង២ឆ្នាំមកហើយ ក្នុងអំឡុងពេលធ្វើការនោះ ជនសង្ស័យបានធ្វើឱ្យបាត់ប្រាក់គ្រឹះស្ថានចំនួន២០០០ដុល្លារ។

លុះនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះដោយនិយាយថា ខ្ចីជិះយកទៅធ្វើការមួយអាទិត្យ តែនៅពេលបានម៉ូតូហើយ ជនសង្ស័យបានយកទៅលក់នៅឃុំរកាកោង ស្រុកមុខកំពូល ឱ្យអ្នកគួកជេម៉ូតូបានប្រាក់ចំនួន១៧៤០ដុល្លារ យកទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្តរ៍។

ក្រោយមកនៅវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបាននិយាយទូរស័ព្ទល្បួងជនសង្ស័យឱ្យមកជួបនិយាយដោះស្រាយគ្នារឿងម៉ូតូ ជនសង្ស័យក៏យល់ព្រម លុះពេលមកដល់ផ្ទះ ជនរងគ្រោះបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ តែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីឱ្យផ្នែកជំនាញសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES