ភ្នំពេញ ៖ កម្លាំងសន្តិសុខដែលយាមម្នាក់បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បន្ទាប់ពីជនសង្ស័យម្នាក់នេះ ធ្វើសកម្មភាពប៉ុនប៉ងលួចដោយលូកហោប៉ៅជនរងគ្រោះ ដែលជាអ្នកដំណើរ បង្កឱ្យមានការឆោឡោឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងផ្សារអូឡាំព៉្យា ជាន់ទី៥ តាមផ្លូវលេខ១៨២ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានក្នុងអំពើចោរកម្មនេះមានឈ្មោះ ឡុង ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៣៧៣ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះមានឈ្មោះសេង គិម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៣២EO ផ្លូវលេខ១៦៦ ភូមិ១ សង្កាត់អូរប្ញស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរចូលផ្សារអូឡាំព៉្យាជាន់ទី៥ លុះដល់ចំណុចច្រកជណ្តើរក៏ត្រូវជនសង្ស័យធ្វើសកម្មភាពលូកហោប៉ៅប៉ុនប៉ងលួចកាបូបលុយ តែត្រូវគាត់ដឹងទាន់ក៏ស្រែកឆោឡោផ្អើលដល់សន្តិសុខជួយឃាត់ខ្លួនបានជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ចាត់ការតាមច្បាប់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានយកជនសង្ស័យទៅសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕