ខេត្តព្រះវិហារ ៖ បុរសម្នាក់ដុតភ្លើងបិតស្រានៅក្រោមផ្ទះរួចទៅស្រែបាត់អស់ ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយឈៀងខាងជើងសាលាស្រុករវៀង ស្ថិតនៅភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង។

ផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ មានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ជាប្រភេទផ្ទះឈើសង់ផុតពីដីប្រក់ដំបូលស័ង្កសី ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះសុខ ផាត ភេទប្រុស រស់នៅក្នុងភូមិឃុំខាងលើ។

តាមប្រភពពីម្ចាស់ផ្ទះរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់បានដុតភ្លើងដើម្បីបិតស្រានៅខាងក្រោមផ្ទះ បន្ទាប់មកគាត់ក៏បានចាកចេញទៅស្រែបាត់អស់ទៅ ដោយមិនទាន់បានពន្លត់ភ្លើងបិតស្រានៅឡើយ។ ស្រាប់តែមិនបានប៉ុន្មានផង ក៏មានអ្នកភូមិរត់ទៅប្រាប់គាត់ថា ភ្លើងឆេះផ្ទះគាត់ហើយ ទើបធ្វើឱ្យគាត់ប្រញាប់រត់មកផ្ទះវិញ លុះមកដល់ឃើញភ្លើងឆេះផ្ទះរបស់គាត់យ៉ាងសន្ធោសន្ធៅទៅហើយ និងមានអ្នកភូមិជួយខ្នះខ្នែងពន្លត់ផង រាយការណ៍ប្រាប់សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ផង តែអកុសលផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះខ្ទេចអស់ទាំងស្រុងទៅហើយ។

ករណីអគ្គិភ័យនេះ មន្ត្រីនគរបាលស្រុករវៀង បានប្ចាកា់ថា មូលហេតុបណ្តាលមកពីម្ចាស់ផ្ទះដុតភ្លើងបិតស្រានៅក្រោមផ្ទះ ហើយទុក ចោលទៅស្រែអស់ ទើបធ្វើឱ្យកើតមានអគ្គិភ័យតែម្តង។ យ៉ាងណា អគ្កិភ័យនេះ មិនបានឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋផ្សេងឡើយ ហើយក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដែរ៕