Monday, November 24, 2025
Homeព័ត៌មានជាតិមិនបង្អង់យូរ សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់នេះមុខក្លឹបកម្សាន្តមួយកន្លែង

មិនបង្អង់យូរ សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់នេះមុខក្លឹបកម្សាន្តមួយកន្លែង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន២នាក់ ដែលបានធ្វើសកម្មភាពភ្ជង់កាំបិតប្លន់យកខ្សែក១ខ្សែ ពីជនរងគ្រោះ រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត២ខែ លុះភ្លេចខ្លួនចូលក្លឹបផឹកស៊ី ក៏ត្រូវសមត្ថកិច្ចប្រទះឃីញចុះអនុវត្តដីកាចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ការអនុវត្តដីកានេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខក្លិបស្តារ៍ឡាយ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ជនដែលត្រូវនាំខ្លួន មានឈ្មោះចេក ចម ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយកម្លាំងផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣៥២ត.ព្រ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ ញាណ សុវណ្ណ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបានចោទប្រកាន់ពីបទ “លួចដោយហិង្សាមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅចំណុចភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

លោកអួន ហ្វៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ករណីខាងលើនេះគឺជនសង្ស័យមានគ្នាចំនួន២នាក់ដោយបានប្រើប្រាស់កាំបិតភ្ជង់ប្លន់ខ្សែករបស់ប្រជាពលរដ្ឋនៅចំណុចខាងមុខសាលាបឋមសិក្សាថ្កូវនេះតែម្តងខណៈដែលជនរងគ្រោះកំពុងបត់ម៉ូតូចូលផ្ទះ គឺពួកគេនេះបានចុះពីម៉ូតូភ្ជង់និងឆក់បានខ្សែកហើយឡើងម៉ូតូគេចខ្លួនតែម្តងប៉ុន្តែអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមុន ឯជនសង្ស័យរូបនេះបានគេចខ្លួនរហូតទើបតែយប់មិញគេបានលបចូលទៅកម្សាន្តក្នុងក្លឹបហើយក៏ត្រូវកម្លាំងអនុវត្តដីកាឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំឯកសារនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

RELATED ARTICLES