Monday, November 24, 2025
Homeព័ត៌មានជាតិទន់ភ្នែកដេកលក់ មិនបានបិទទ្វារ ព្រឹកឡើងរត់មកប៉ុស្តិ៍ប៉ូលិស

ទន់ភ្នែកដេកលក់ មិនបានបិទទ្វារ ព្រឹកឡើងរត់មកប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេង២នាក់បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសទាំងព្រឹក បន្ទាប់ពីត្រូវចោរធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី លែត របស់ខ្លួនទៅបាត់ដោយសុវត្ថិភាព ខណៈដែលខ្លួនរួមជាមួយភរិយានាំគ្នាដេកចុចទូរស័ព្ទទន់ភ្នែកជ្រុលលង់លក់ទាំងមិនបានបិទទ្វារបន្ទប់ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ដឹងខ្លួននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទើបផ្អើលឆោឡោពេញផ្ទះជួលស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះយស សុខវណ្ណាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ចំណែកម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកស៊ុយហ្ស៊ុយគី លេត ពណ៌សលាយក្រហម ពាក់ស្លាកលេខកណ្តាល 1T-4670។

តាមសម្តីជនរងគ្រោះ ខណៈដែលមានវត្តមាននៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ រួមជាមួយនឹងភរិយា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកក្កដា ពួកគាត់ទាំង២នាក់ នាំគ្នាដេកចុចទូរស័ព្ទលេងរហូតទន់ភ្នែកជ្រុល ក៏លង់លក់ទាំង២នាក់បាត់ទៅ ទាំងមិនបានបិទទ្វារបន្ទប់ លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៣ ភ្ញាក់ដឹងខ្លួនទើបដឹងថា ម៉ូតូត្រូវចោរលួចយកទៅបាត់ទាំងកូនសោនៅជាប់ម៉ូតូហើយជាស្រេច ទើបនាំគ្នារត់ទៅប្តឹងប៉ូលិសតែម្តង ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូរបស់ខ្លួនមកវិញ៕

RELATED ARTICLES