ខេត្តកណ្តាល ៖ បុរសកំណាចម្នាក់មានចរិតកោងកាចឃោរឃៅខ្លាំងណាស់ ឱ្យតែផឹកស្រាស្រវឹងតែងរករឿងវាយដំប្រពន្ធកូនគ្មានត្រាប្រណី រហូតត្រូវប្រពន្ធប្តឹងជាប់គុក៨ខែ ទើបចេញមកវិញថ្មីៗមិនកែខ្លួន បែរជាខ្លាំងដៃលើសដើមដោយកាច់មែកឈើវាយកូនស្រីមិនអស់ចិត្ត នៅស្ទុះទៅធាក់កូនស្រី១ជើងចំកណ្តាលមុខទៀត រហូតដល់ប្រពន្ធទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីកំណាចញាត់គុកជាថ្មី។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារឪវាយធាក់កណ្តាលមុខកូនស្រី១ជើងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។

ក្មេងស្រីរងគ្រោះដែលត្រូវឪពុកកំណាចវាយដំធ្វើបាបដោយគ្មានអាណិតអាសូរមានឈ្មោះសើ សុខតាក់ អាយុ៦ឆ្នាំ (របួសស្នាមហើមជាំកំភួនជើងខាងឆ្វេង២កន្លែងនិងកកិតជង្គង់ខាងឆ្វេង១កន្លែង)។ ចំណែកជនសង្ស័យជាឪពុកកំណាចដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះសើ ស៊ាន់ អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះផាត់ ចាន់ធឿន អាយុ៣៨ឆ្នាំ មុខរបរត្បាញអំបោសនិងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៨ខែរួចមកហើយ ពីបទអំពើហិង្សាក្នុងគ្រួសារនិងទើបចេញពីពន្ធនាគារវិញ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ តែក្រោយចេញពីពន្ធនាគារវិញ ជនសង្ស័យមិនត្រឹមតែមិនព្រមកែប្រែអត្តចរិតរបស់ខ្លួនឡើយនៅថែមទាំងប្រព្រឹត្តហិង្សាវាយប្រពន្ធកូនកាន់តែខ្លាំងលើសដើម និងថែមទាំងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ទៀតផង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានផឹកស្រាស្រវឹងរួចក៏បាននិយាយសំឡុតកូនស្រីឈ្មោះសើ សុខតាក់ ឱ្យទៅដេក ពេលនោះក្មេងស្រីរងគ្រោះជាកូនភ័យពេកក៏រត់ទៅផ្ទះឈ្មោះផុន សុខហ័ង ភេទស្រី ភ្លាមនោះជនសង្ស័យបានដើរទៅតាមកូនស្រីឱ្យត្រឡប់មកផ្ទះវិញ ពេលដើរត្រឡប់មកវិញដល់ក្រោយផ្ទះខ្លួនជាប់ព្រំដីឈ្មោះផុន សុខហ័ង ជនសង្ស័យបានកាច់មែកឈើត្រងែនមកវាយកូនស្រីទាំងកំរោលចំកំភួនជើងខាងឆ្វេង២កន្លែង រួចក៏យកជើងធាក់កូនស្រីចំកណ្តាលមុខបណ្តាលឱ្យដួលរងរបួសកកិតជង្គង់ខាងឆ្វេង១កន្លែងទៀត ឃើញដូច្នេះស្ត្រីជាប្រពន្ធបានសួរទៅប្តីថាម៉េចបានវាយកូន? ស្រាប់តែបុរសជាប្តីបាននិយាយគំរាមថា ប្រយ័ត្នអញវាយក្បាលងែងឱ្យបែកទាំងម៉ែទាំងកូន។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើ ព្រមទាំងចរិតកោងកាចរបស់ប្តីតទៅទៀតលែងបាន ទើបស្ត្រីជាប្រពន្ធបានសម្រេចរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ឱ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

