Monday, November 24, 2025
Homeព័ត៌មានជាតិរឿងបាត់ទូរស័ព្ទ១គ្រឿងសោះ... គាត់ក្លាហានណាស់ ដល់តែមានរឿងធំ

រឿងបាត់ទូរស័ព្ទ១គ្រឿងសោះ… គាត់ក្លាហានណាស់ ដល់តែមានរឿងធំ

ភ្នំពេញ ៖ បុរស3នាក់បានជិះម៉ូតូកង់បី1គ្រឿងចូលមកផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដោយបានហៅនារីៗមកអង្គុយកំដរផង លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែកគិតលុយចេញទៅផ្ទះវិញ ស្រាប់តែបាត់ទូរស័ព្ទ1គ្រឿង ធ្វើឱ្យមួម៉ៅក្តៅចិត្តចូលទៅរករឿងនារីខារ៉ាអូខេម្នាក់ដែលអង្គុយកំដរខ្លួនថាបានលួចយកទូរស័ព្ទ តែខាងស្រីប្រកែក ស្រាប់តែខាងប្រុសផ្ទុះកំហឹងស្ទុះដាល់នារីខារ៉ាអូខេ1ដៃ បណ្តាលឱ្យសន្លប់ស្តូក ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញហាង និងត្រូវបានបុគ្គលិកបម្រើការកន្លែងនោះខឹងសម្បាដេញកាប់ជនបង្កវ៉ៃស្រីជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់។

ហេតុការណ៍អំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង1និង30នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី23 ខែកក្កដា ឆ្នាំ2019 នៅចំណុចហាងខារ៉ាអូខេមួយកន្លែងក្បែរវត្តអង្គតាមិញ ស្ថិតតាមបណ្តោយផ្លូវ2004 ក្នុងសង្កាត់កាកាប1 ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលវ៉ៃស្រីសន្លប់ចោទថាលួចទូរស័ព្ទ និងត្រូវបានបុគ្គលិកហាងខារ៉ាអូខេព្រួតកាប់វិញប៊ិះស្លាប់នោះ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង30ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតគេឃើញបុរស3នាក់ ជិះកង់បី1គ្រឿងមកចូលហាងខារ៉ាអូខេខាងលើ តាំងពីយប់ថ្ងៃទី22 ខែកក្កដា ឆ្នាំ2019 ដោយបានចូលផឹកស៊ីច្រៀងលេងយ៉ាងសប្បាយរហូតដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី23 ខែកក្កដា ឆ្នាំ2019 ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏នាំគ្នាគិតលុយរួចចេញមកវិញ បំណងត្រឡប់ទៅផ្ទះ។

ប្រភពដដែលបន្តថា លុះពេលចេញមកដល់ខាងក្រៅហាង ស្រាប់តែបុរសម្នាក់ក្នុងចំណោមនោះបានស្រែកឆោឡោថា បាត់ទូរស័ព្ទ1គ្រឿង រួចក៏ដើរចូលទៅក្នុងហាងខារ៉ាអូខេនោះវិញ ទៅតាមរកមុខនារីដែលអង្គុយកំដរខ្លួន ដោយចោទប្រកាន់ថា នារីរូបនោះបានលួចយកទូរស័ព្ទរបស់ខ្លួន ទោះជានារីរូបនោះប្រកែកយ៉ាងណាក៏មិនជឿ និងថែមទាំងផ្ទុះកំហឹងស្ទុះចូលទៅដាល់នារីរងគ្រោះ1ដៃ បណ្តាលឱ្យសន្លប់ស្តូកនៅនឹងកន្លែង រួចក៏ស្ទុះរត់ចេញពីក្នុងហាងវិញបម្រុងគេចខ្លួន តែភ្លាមនោះត្រូវបុគ្គលិកក្នុងហាងខាងលើខឹងសម្បាក៏ព្រួតគ្នាទាញកាំបិតដេញកាប់បុរសរូបនោះជាច្រើនកាំបិតបណ្តាលឱ្យរងរបួសឈាមហូរស្រោចពេញខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកបុរសខាងលើ យកទៅព្យាបាលសិន រង់ចាំសួរនាំជាក្រោយ៕

RELATED ARTICLES