Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ចេះធ្វើរឿងហ្នឹងទៅកើត... ឥឡូវគេដឹងពេញស្រុក យកមុខទុកឯណា

គាត់ចេះធ្វើរឿងហ្នឹងទៅកើត… ឥឡូវគេដឹងពេញស្រុក យកមុខទុកឯណា

ខេត្តប៉ៃលិន ៖ មន្ត្រីនគរបាលស្នងការដ្ឋានខេត្តប៉ៃលិន បានបង្ហើបឱ្យដឹងថា ស្ត្រីជាមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ពូកែខាងទ្រឹស្តី និយាយសម្តីផ្អែមពីរោះធ្វើឱ្យគេជឿទុកចិត្ត រហូតដល់ហ៊ានប្រគល់ប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឱ្យយកទៅទិញដីរត់ការប្លង់ ស្រាប់តែត្រូវស្ត្រីជាមន្ត្រីសុរិយោដីរូបនោះយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៀតផង ធ្វើឱ្យម្ចាស់លុយកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីឆបោកខាងលើយកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោក កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តប៉ៃលិន បានចុះឃាត់ខ្លួននិងបញ្ជូនខ្លួនស្ត្រីជាមន្ត្រីសុរិយោដីរូបនោះទៅតុលាការនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី។ តែទោះបីជាយ៉ាងណាស្ត្រីសង្ស័យខាងលើមិនព្រមសារភាពនិងទទួលសងលុយគេវិញនោះទេ ទើបនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ ម្ចាស់លុយរកមេធាវីដើម្បីធ្វើការដោះស្រាយបន្តនៅក្នុងតុលាការខេត្តប៉ៃលិន។

តាមប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ស្ត្រីសង្ស័យខាងលើមានឈ្មោះរឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី។ ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់សុំមិនបញ្ចោញឈ្មោះ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រីឯលុយដែលត្រូវចាញ់បោកគេមានចំនួនជាង២០ម៉ឺនដុល្លារ។

ប្រភពដដែលបន្តថា ដំបូងឡើយជនរងគ្រោះបានពឹងពាក់ឱ្យស្ត្រីឆបោកខាងលើ យកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ លុះម្ចាស់ប្រាក់ទើបតែប្រគល់ឱ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដីនិងរត់ការប្លង់ ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំនួស ហើយតែងតែនិយាយកុហក់ម្ចាស់ប្រាក់និងម្ចាស់ដី ដោយបង្វែរមិនឱ្យពួកគេជួបគ្នាអស់រយៈពេលជាច្រើនខែហើយ ព្យាយាមគេចមុខថែមទៀត លុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដី ទើបដឹងរឿងពិតប្រាកដថា ស្ត្រីជាមន្ត្រីសុរិយោដីខាងលើជាជនឆបោកអស់រាប់ម៉ឺនដុល្លារ។

ប្រភពបញ្ជាក់ទៀតថា ស្ត្រីជើងឆើតរូបនេះមិនត្រឹមតែឆបោកប្រាក់ស្ត្រីម្នាក់ខាងលើប៉ុណ្ណោះទេ គឺបោកអ្នកដទៃជាច្រើនទៀត ហើយក៏មានពាក្យបណ្តឹងបន្តបន្ទាប់ផងដែរ។

ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់ បានរៀបរាប់ប្រាប់ថា ប្រាក់ដែលគាត់ប្រគល់ឱ្យជនសង្ស័យយកទៅទិញដីនោះ មិនបានដីជាកម្មសិទ្ធិរបស់ខ្លួននោះទេ គឺស្ត្រីជនឆបោកឈ្មោះរឿន ចរិយា បានដាក់ឈ្មោះរបស់គេទាំងអស់។ មិនត្រឹមតែយកប្រាក់ទៅទិញដីធ្វើជាកម្មសិទ្ធិខ្លួនឯងនោះទេ ថែមទាំងយកទៅសាងសង់ផ្ទះសំណាក់មួយយីហោកូឡាប៉ៃលិន ស្ថិតនៅក្បែរស្ពានថ្ម ជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសាងសង់រួចរាល់អស់ហើយថែមទាំងជិតដំណើរការបើកសម្ពោធដាក់ឱ្យភ្ញៀវស្នាក់នៅថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្ត គឺនឹងប្តឹងទាមទារយកលុយរបស់ខ្លួនទាំងអស់នោះមកវិញ ហើយឱ្យតុលាការចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងបញ្ហានេះលោកសូ សុខុន ប្រធានមន្ទីរសុរិយោដីខេត្តបានទទួលស្គាល់ថា ស្ត្រីជាជនឆបោកឈ្មោះរឿន ចរិយា ពិតជាមន្ត្រីរបស់លោកប្រាកដមែន ដោយទទួលបន្ទុកផ្នែកលំនៅឋានពីមុនជាមន្ត្រីផ្នែកភូមិបាលក្រុង។ លោកបន្តទៀតថា ស្ត្រីខាងលើត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ បន្ទាប់ពីមានការពាក់ព័ន្ធនឹងករណីឆបោកលុយកាក់គេអស់រាប់ម៉ឺនដុល្លារ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីឈ្មោះរឿន ចរិយា បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES