Sunday, November 23, 2025
Homeព័ត៌មានជាតិយី!!! មិនដែលស្គាល់គ្នាសោះ ពូធ្វើចឹងកើតដែរ

យី!!! មិនដែលស្គាល់គ្នាសោះ ពូធ្វើចឹងកើតដែរ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងអង្គុយនិយាយគ្នាលេងនៅតូបកាហ្វេសុខៗ ក៏ស្រាប់តែត្រូវបុរសម្នាក់បានទាញកែវដើរសំដៅមករក រួចវាយជាច្រើនកែវបណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រំដែនមាត់អូរ កន្លែងលក់បាយកាហ្វេក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកុយ ស៊ុន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះមានឈ្មោះទ្រី វ៉េងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះទ្រី វ៉េងឡុង បានបំភ្លឺឱ្យសមត្ថកិច្ចដឹងថា នៅថ្ងៃកើតហេតុខ្លួនកំពុងអង្គុយជាមួយភ្ញៀវដែលមកទំនាក់ទំនងការងារនៅហាងកាហ្វេមួយកន្លែងក្បែរផ្លូវរថភ្លើងនៅច្រកព្រំដែន ស្រាប់តែមានបុរសម្នាក់មិនស្គាល់ឈ្មោះបានដើរសំដៅមករកខ្លួនហើយយកកែវទឹកវាយមកលើរូបខ្លួន បណ្តាលឱ្យរបួសត្រង់ភ្នែកខាងស្តាំ ម្រាមដៃស្តាំ និងក្បាលផ្នែកខាងស្តាំប៉ោងជាំ ភ្លាមៗនោះអ្នកអង្គុយក្បែរក៏មកជួយឃាត់ដើម្បីបញ្ឈប់សកម្មភាព ហើយខ្លួនក៏បានមកដាក់ពាក្យបណ្តឹងតែម្តង។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា  ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះដោយវាយជាច្រើនកែវពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES