ខេត្តត្បូងឃ្មុំ ៖ បុរសជាមន្ត្រីនគរបាលម្នាក់បានហៅអ្នកជិតខាងម្នាក់ចូលរួមផឹកស៊ីជាមួយ លុះអ្នកជិតខាងរូបនោះផឹកស្រវឹងទន់ខ្លួនក៏ចាប់ផ្តើមស្រែកឡូឡាខ្លាំងៗ ទើបមន្ត្រីនគរបាលជាម្ចាស់ផ្ទះបានឃាត់កុំឱ្យឡូឡាពេក រំខានម្តាយរបស់ខ្លួនដែលកំពុងមានជំងឺ ស្រាប់តែធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាមន្ត្រីនគរបាលទប់កំហឹងមិនបាន ក៏ដើរទៅយកកាំភ្លើងពីក្នុងឡានបាញ់១គ្រាប់ឡើងលើគំរាម និងបណ្តេញគូទំនាស់ចេញពីផ្ទះ លុះបុរសរូបនោះដើរចេញទៅក៏ត្រូវមន្ត្រីនគរបាលរូបនោះ ស្ទុះទៅធាក់បន្ថែម២ជើងទៀត បណ្តាលឱ្យដួលកប់ភក់។

ហេតុការណ៍អំពើហិង្សានិងផ្ទុះអាវុធគំរាមខាងលើនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនបង្ក ស្ថិតក្នុងភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក។
ជនបង្កហេតុដែលត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក ចាប់ខ្លួនមានឈ្មោះ សំណាង អាយុ៤២ឆ្នាំ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំអាកាសដ្ឋានអន្តរជាតិភ្នំពេញ មានលំនៅផ្ទះកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះឡេង ផូ អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ មៀច មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក បានបញ្ជាក់ប្រាប់ថា រវាងជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះសំណាង និងជនរងគ្រោះឈ្មោះឡេ ផូ សុទ្ធតែជាអ្នកភូមិផងរបងជាមួយគ្នា។ នៅមុនពេលកើតហេតុ អ្នកទាំងពីរបានផឹកស្រាស្រវឹងច្រើនម៉ោងដូចគ្នា។ ប៉ុន្តែដំបូងឡើយអ្នកទាំងពីរផឹកនៅកន្លែងទីទៃពីគ្នារហូតមកដល់វេលាល្ងាចថ្ងៃដដែលនោះ ជនរងគ្រោះចេញពីផឹកស៊ីស្រវឹងជោកជាំ ដើរតាមផ្លូវត្រឡប់ទៅផ្ទះ ក៏មានមិត្តភក្តីវង់ផឹកស៊ីខាងជនសង្ស័យម្នាក់ហៅចូលផឹកម្តងទៀត។

លោកមេបញ្ជាការ បន្តថា នៅពេលចូលផឹកស៊ីនៅផ្ទះជនសង្ស័យនោះ ជនរងគ្រោះឈ្មោះឡេង ផូ ផឹកបណ្តើរនិយាយស្រែកខ្លាំងៗបណ្តើរ ធ្វើឱ្យជនបង្កជាម្ចាស់ផ្ទះឃាត់កុំឱ្យនិយាយខ្លាំងៗពេក រំខានដល់ម្តាយខ្លួនកំពុងមានជំងឺ ដែលជាហេតុធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាតែម្តង។ ភ្លាមនោះឈ្មោះសំណាង បានដើរសំដៅទៅយកកាំភ្លើងខ្លីក្នុងរថយន្តរបស់ខ្លួនបាញ់ឡើងលើចំនួន១គ្រាប់គំរាម រួចបណ្តេញជនរងគ្រោះឈ្មោះឡេង ផូ ឱ្យចេញពីផ្ទះរបស់ខ្លួន។ ចំណែកជនរងគ្រោះនៅពេលឃើញគូទំនាស់មានកាំភ្លើងនិងថែមទាំងបាញ់គំរាម១គ្រាប់ផង ក៏ក្រោកដើរចេញពីវង់ផឹកស៊ីក្នុងបំណងទៅផ្ទះវិញ។ ស្រាប់តែគ្រាន់តែដើរចេញផុតពីមុខផ្ទះរបស់ជនបង្កបន្តិច ជនបង្កឈ្មោះសំណាង ក៏ស្ទុះទៅតាមធាក់ជនរងគ្រោះចំនួន២ជើង បណ្តាលឱ្យជនរងគ្រោះដួលកប់ភក់។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបានចុះដល់ទីតាំងកើតហេតុឃាត់ខ្លួនជនបង្កជាខ្មាន់កាំភ្លើង នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធី៕