Sunday, November 23, 2025
Homeព័ត៌មានជាតិប្រពន្ធពោះធំ៧ខែ បាត់ប្តីភ័យសភ្នែក សល់តែរូបថត

ប្រពន្ធពោះធំ៧ខែ បាត់ប្តីភ័យសភ្នែក សល់តែរូបថត

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់កំពុងមានផ្ទៃពោះ៧ខែផង រួមជាមួយនឹងសាច់ញាតិបានធ្វើដំណើរទៅកាន់សាលាសង្កាត់ ដើម្បីដាក់ពាក្យបណ្តឹងទាំងរលេងលោងទឹកភ្នែក ខណៈដែលប្តីរបស់ខ្លួនបានបាត់ពីផ្ទះដោយគ្មានដំណឹងពេញ១យប់ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញ។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាប្រពន្ធដែលដាក់ពាក្យបណ្តឹងរឿងប្តីបាត់ខ្លួនដោយមិនដឹងមូលហេតុនេះ មានឈ្មោះចាន់ សែន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកបុរសជាប្តីដែលបាត់ខ្លួនមានឈ្មោះហ៊ន សេងហ៊ួរ អាយុ២៤ឆ្នាំ មុខរបរជាងឈើ ធ្វើការនិងស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា ប្តីរបស់នាងចេញទៅធ្វើការជាជាងឈើនៅឯក្រុងតាខ្មៅ ខេត្តកណ្តាល ជួន១ថ្ងៃឬ២ថ្ងៃ ទើបប្តីវិលមកផ្ទះជួល ហើយដំណឹងតែងតែផ្តល់ឱ្យរាល់ថ្ងៃ។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ប្តីបានទូរស័ព្ទប្រាប់នាងថា ឱ្យរៀបចំបាយម្ហូបទុកឱ្យហើយទៅរូបគាត់ចេញដំណើរពីក្រុងតាខ្មៅហើយ ក៏ប៉ុន្តែការទន្ទឹងចាំមើលផ្លូវប្តីចេះតែចាំបាត់ៗ ពេញមួយយប់ នៅតែមិនឃើញស្រមោលប្តី លុះទាក់ទងទូរស័ព្ទទៅប្តី ក៏មិនចូលទៀត។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា ដោយសារតែមានការព្រួយបារម្ភពីប្តីពេក ទើបនាងនិងសាច់ញាតិបានធ្វើដំណើរទៅដល់កន្លែងសិប្បកម្មឈើកន្លែងប្តីធ្វើការដើម្បីសួររកប្តីដែរ តែត្រូវគេប្រាប់ថា ឃើញគាត់ចេញទៅបាត់តាំងពីវេលាម៉ោង៥ល្ងាចម៉្លេះ ទើបធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោក្រោយពីបាត់ដំណឹងប្តីរបស់ស្ត្រីវ័យក្មេងខាងលើ ទាំងក្រុមគ្រួសារតែម្តង ភិតភ័យ ព្រួយបារម្ភ មិនដឹងថាមានបញ្ហាអ្វី ទើបបាត់សូន្យដំណឹង។ រហូតនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធរួមដំណើរជាមួយបងប្អូនប្រុសស្រី ក្រុមគ្រួសារ ស្នើសុំមានការអន្តរាគមន៍ពីតាមបណ្តាប៉ុស្តិ៍ប៉ូលិស អាជ្ញាធរ អ្នកសារព័ត៌មានឱ្យជួយស្រាវជ្រាវនិងប្រកាសស្វែងរកប្តីរបស់នាងផង។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្តីរបស់នាងបាត់ខ្លួនជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-4221៕

RELATED ARTICLES