Sunday, November 23, 2025
Homeព័ត៌មានជាតិផ្អើលក្បែរស្ថានទូតចិន... តាមពិតរឿងតដៃជាមួយសមត្ថកិច្ចសោះ

ផ្អើលក្បែរស្ថានទូតចិន… តាមពិតរឿងតដៃជាមួយសមត្ថកិច្ចសោះ

ភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំម្នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ដេញតាមបង្ក្រាបរហូតបង្ខំឱ្យមុខសញ្ញាផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងថា មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នេះ ត្រូវបានកម្លាំងរបស់លោកតាមដានអស់រយៈពេលប្រមាណមួយសប្តាហ៍មកហើយ មុនឈានទៅដល់ការបង្ក្រាបជាក់ស្តែងកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅជាប់របងស្ថានទូតចិនក្នុងខណ្ឌចំការមន ដោយដកហូតកាំភ្លើង K59 មួយដើម ម៉ូតូ១គ្រឿង និងថ្នាំញៀន៣កញ្ចប់។

លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានបញ្ជាក់ថា ពេលដែលបង្ក្រាបនោះជនសង្ស័យបានដកកាំភ្លើងបាញ់២គ្រាប់ មកកាន់សមត្ថកិច្ចរបស់លោក ប៉ុន្តែមិនត្រូវ រួចជននេះបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់និងបាញ់សំដៅជើង១គ្រាប់។ ភ្លាមៗនោះដោយមានកិច្ចសហការពីអ្នករត់ម៉ូតូឌុប ក៏បានជួយចាប់ជនល្មើសនេះបានជាក់ស្តែងតែម្តង។

យោងតាមកាមេរ៉ាសុវត្ថិភាពនៅនឹងកន្លែងកើតហេតុ បានបង្ហាញថា ពេលដែលចុះបង្ក្រាបមុខសញ្ញានោះ ជនល្មើសបានបើកម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរ រួចហើយដកកាំភ្លើង ធ្វើឱ្យម្នាក់ៗភ័យស្លន់ស្លោរត់យកតែរួចខ្លួន។ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

បច្ចុប្បន្ន មុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះ ស្ថិតក្រោមការសួរនាំរបស់មន្ទីរមុនបញ្ជូនទៅកាន់តុលាការ៕

RELATED ARTICLES