រតនគិរី ៖ ឪពុកកំណាចម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើទារុណកម្មវាយកូនប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ឪពុកបង្កើតមានចិត្តតិរច្ឆាននេះ មានឈ្មោះខាត់ សារី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងត្បូង ចំណែកឈ្មោះ ឃ.ល ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ។ ឪពុកកូននេះសព្វថ្ងៃនេះរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឪពុកកំណាចបានយកដំបងវាយទៅលើកូនប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ជាំភ្នែកខាងស្តាំ នៅចំណុចផ្ទះជួលភូមិឃុំកើតហេតុ។

សមត្ថកិច្ចដដែលបានបន្តឲ្យដឹងថា ភ្លាមៗនោះសមត្ថកិច្ចបានដឹកនាំកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាឪពុកនេះមកកាន់អធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីសួរនាំ ស្រាវជ្រាវនិងស៊ើបអង្កេតបន្ត ហើយបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះបានលែងលះប្រពន្ធដើម ហើយយកកូនប្រុសរងគ្រោះនេះមកនៅជាមួយ រួចក៏បានយកប្រពន្ធម្នាក់ទៀត ដែលកំពុងរស់នៅជាមួយគ្នារាល់ថ្ងៃ ៕