សៀមរាប៖ រថយន្តភ្ញៀវទេសចរមួយគ្រឿងដែលបានមានមនុស្សចំនួន១៣នាក់ បានធ្វើដំណើរចុះពីលើភ្នំគូលែន ស្រាប់តែជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលឲ្យមនុស្សស្លាប់ និងរងបួសជាច្រើននាក់ ហើយភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងកាលពីវេលា១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែនថ្មី ខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលា១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងម៉ាក SANG YONG ISTANA ពាក់ស្លាកលេខសៀមរាប 2A-9016 ពណ៌ស បានធ្វើដំណើរចុះពីលើភ្នំគូលែនតាមច្រកខាងកើត ក៏ក្រឡាប់តែម្ដង ធ្វើឲ្យមនុស្ស២នាក់ ជាជនជាតិចិនបានស្លាប់ និង១១នាក់ទៀត បានរងរបួសធ្ងន់ស្រាល (ស្រី៦នាក់)។ ភ្លាមៗ អ្នកបើកបររថយន្ត និងមគ្គុទេសក៍ បាននាំគ្នារត់គេខ្លួនបាត់អស់។
លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះដែលស្លាប់និងរងរបួស ត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយលើ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

លោកអធិការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ មូលហេតុមកពីអ្នកបើកបរបើកលឿនពេលចុះចំណោទ ទើបបណ្ដាលឲ្យគ្រោះថ្នាក់។ ចំណែករថយន្តគ្រោះថ្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្វាយលើ ដើម្បីរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ គ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែននេះ កន្លងមកក៏បានកើតឡើងម្ដងរួចមកហើយនៅចំណុចដូចគ្នានេះ។ ដែលបង្កឡើងដោយរថយន្តម៉ាក HYUNDAI COUNT ដឹកភ្ញៀវទេសចរខ្មែរចំនួន២៨នាក់ ហើយក៏បានបង្កឲ្យរបួសធ្ងន់ស្រាលចំនួន១២នាក់ផងដែរ៕