ភ្នំពេញ ៖ បុរសជាជនបរទេសចំនួន៣នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែកទាំងព្រឹក រួចក៏នាំគ្នាដោះអាវបង្អួតសាក់ពេញខ្លួននិងថែមទាំងស្រែកឡូឡាដើរអុកឡុក បង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនប្រគល់ទៅឱ្យការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ការឃាត់ខ្លួនជនបរទេសទាំង៣នាក់នេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន និងយោងតាមបញ្ជាររបស់អភិបាលខណ្ឌចំការមន ខណៈដែលជនបរទេសទាំងនោះបានផឹកស្រាស្រវឹងដោះអាវបង្អួតសាក់និងអុកឡុក ធ្វើឱ្យបាត់សណ្តាប់ធ្នាប់។

ជនបរទេសទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមានទី១-ឈ្មោះ MOCLAIR BLAKE AARON ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PB1244230 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ ទី២-ឈ្មោះ RUDOLF JOSHUA PAUL ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA3141861 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ និងទី៣-ឈ្មោះ DE RITO CHRISTOPHER BASILIO ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA9721738 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ អ្នកទាំង៣ខាងលើស្នាក់នៅផ្ទះសំណាក់ MADE MONKEY ផ្លូវលេខ៣០២ សង្កាត់បឹងកេង កង១ ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនហ្នឹងពួកគេទាំង៣នាក់ចូលមកប្រទេសកម្ពុជា ពួកគេបានស្នាក់នៅខេត្តភូកេត ប្រទេសថៃ រយៈពេល១ខែមកហើយ។
ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ និងលោកថេង សុថុល អភិបាលខណ្ឌចម្ការមន បានឱ្យការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើកិច្ចសន្យាអប់រំជនទាំង៣នាក់ខាងលើនេះ រាល់ការស្នាក់នៅប្រទេសកម្ពុជា ត្រូវគោរពច្បាប់និងមិនបង្កបញ្ហាអ្វីដែលច្បាប់ហាមឃាត់៕