ភ្នំពេញ ៖ រថយន្ត១គ្រឿងបានបើកទៅប៉ះជាមួយនឹងម៉ូតូកង់បី១គ្រឿង បណ្តាលឱ្យរងការខូចខាតតិចតួចដូចគ្នា ស្រាប់តែមិនព្រមដោះស្រាយគ្នាតាមសម្រួលដោយសន្តិវិធី ក៏ប្រឹងតែប្រកែកយកត្រូវរៀងខ្លួន រហូតផ្ទុះជាជម្លោះដេញវាយតប់គ្នាពេញផ្លូវ និងប្រទាញប្រទង់យកទូរស័ព្ទគ្នាទៅវិញទៅមក បង្កឱ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកន្លែងកើតហេតុជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តិចតួចបែរជាបង្កទៅជាជំលោះវាយតប់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HP-0821 បើកបរដោយបុរសម្នាក់បើកតាមបណ្តោយផ្លូវអ៊ីអន២ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ក៏បានប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខភ្នំពេញ 2I-4093 បើកបរដោយបុរសម្នាក់ហើយក៏បានបើករត់គេច តែត្រូវខាងម៉ូតូកង់បី បើកដេញតាមរហូតមកដល់ផ្លូវ៥៩៨ ក៏បានប៉ះគ្នាម្តងទៀត បង្កឱ្យមានជម្លោះផ្ទុះជាអំពើហិង្សាកើតឡើងវាយគ្នាទៅវិញទៅមក ហើយបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវនោះ ឈប់មើលគ្រប់គ្នានិងជួយឃាត់ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកវាស់វែងយករថយន្តនិងម៉ូតូកង់បី យកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕


