ភ្នំពេញ ៖ ស្ត្រីម្នាក់បានយំស្រែកនៅមុខផ្ទះសំណាក់ទាំងកណ្តាលយប់ថា ប្តីរបស់នាងដែលមានឋានៈតួនាទីជាព្រះរាជអាជ្ញារងខេត្តកោះកុង បានលួចលាក់មានស្រីនាំគ្នាមករួមរ័កក្នុងផ្ទះសំណាក់ លុះនាងតាមទាន់ក៏ព្យាយាមបើកឡានរត់គេចតែរត់មិនរួច ក៏ចុះរត់គេចខ្លួនបាត់ស្រមោល ទុកឱ្យស្ត្រីជាប្រពន្ធឈឺចាប់ហួសថ្លែងទួញយំស្នើសុំដល់សម្តេចហ៊ុន សែន ជួយរកយុត្តិធម៌។
ហេតុការណ៍ប្រពន្ធតាមទាន់ប្តីនាំស្រីចូលផ្ទះសំណាក់រួមរ័កនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោស្រែនាង មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។
ស្ត្រីជាប្រពន្ធដែលតាមទាន់ប្តីរបស់ខ្លួននាំស្រីចូលផ្ទះសំណាក់រួមរ័កនេះ មានឈ្មោះកល ច័ន្ទកញ្ញា អាយុ៣១ឆ្នាំមុខរបរលក់ថ្នាំពេទ្យ (ឱសថការីឧត្តម) មានលំនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ។ ចំណែកបុរសជាប្តីដែលត្រូវប្រពន្ធចោទប្រកាន់ថាលួចលាក់មានស្រីថ្មីមានឈ្មោះអ៊ង រី អាយុ៣៦ឆ្នាំ មានឋានៈជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង មានស្រុកកំណើតនៅភូមិទេពអរជូនឃុំកោះខែលស្រុកស្អាងខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានស្ត្រីម្នាក់បានមកស្រែកឡូឡានៅខាងមុខផ្ទះសំណាក់ស្រែនាង ដោយទាន់ទារឱ្យប្តីរបស់នាងដែលកំពុងដេកនៅក្នុងផ្ទះសំណាក់ចេញមកដោះស្រាយគ្នាលុះមួយសន្ទុះក្រោយមកក៏ស្រាប់តែគេឃើញបុរសម្នាក់ក្នុងសភាពភ័យស្លន់ស្លោបានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ 2AV-7992 នាំស្រីស្នេហ៍ចេញពីផ្ទះសំណាក់ខាងលើយ៉ាងប្រញាប់ក្នុងបំណងរត់គេចខ្លួនដោយមានស្ត្រីជាប្រពន្ធព្យាយាមរត់តាមប្រតោងប្រទាញរថយន្តផងដែរតែដោយមិនស្គាល់ភូមិសាស្ត្រច្បាស់ ទើបបុរសរូបនោះបានបើករថយន្តដល់ផ្លូវទ័លទើបព្យាយាមថយក្រោយវិញដោយជ្រុលទៅប៉ះនេះប៉ះនោះ និងថែមទាំងជ្រុលបុករថយន្តម៉ាកកាមរី១គ្រឿងនៅក្បែរនោះផងទើបធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋចេញមកព្រោងព្រាតនៅទីតាំងកើតហេតុ ទើបបុរសជាអ្នកបើករថយន្តព្រមឈប់រថយន្តរួចប្រមូលរបស់របរដាក់ក្នុងកាបូបរបស់ខ្លួន ហើយបើកទ្វារចុះកណ្តៀតកាបូបនោះដើរចេញព្យាយាមគេចពីស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធដែលកំពុងតាមថតវីដេអូផងឈ្លោះប្រកែកជាមួយផងរហូតដល់ស្ត្រីជាប្រពន្ធនោះតាមមិនទាន់ក៏ត្រូវបុរសជាប្តីរត់ទៅមុខ ហើយគេចខ្លួនបាត់ស្រមោលតែម្តង។
តាមសម្តីស្ត្រីឈ្មោះកល ច័ន្ទកញ្ញា ដែលអះអាងថា ត្រូវជាប្រពន្ធបុរសដែលព្យាយាមបើករថយន្តរត់គេចចេញពីផ្ទះសំណាក់បានរៀបរាប់ប្រាប់ថា បុរសម្នាក់នោះគឺជាប្តីរបស់នាងដែលពួកនាងបានរៀបការនឹងគ្នាអស់រយៈពេលជាង៥ឆ្នាំមកហើយ និងថែមទាំងបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ត្រឹមត្រូវទៀតផង។ រហូតមកដល់សព្វថ្ងៃប្តីប្រពន្ធនាងបានរួមរស់នឹងគ្នាបង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ។ លុះក្រោយពីរៀបការរួច នាងនិងក្រុមគ្រួសារបានព្យាយាមជ្រោមជ្រែងប្តីឱ្យមានមុខមាត់ការងារតួនាទីដល់ទៅព្រះរាជអាជ្ញារងខេត្តកោះកុង ស្រាប់តែប្តីបែរជាបែកគំនិតលួចមានស្រីរាប់មិនអស់រហូតដល់ប្តឹងលែងលះនាងជាប្រពន្ធទាំងដែលនាងគ្មានកំហុស សោះ ហើយខណៈដែលមិនទាន់លែងលះគ្នាដាច់ស្រេចផង បែរជាប្តីលួចនាំស្រីចូលដេកផ្ទះសំណាក់ សម្ងំសោយសុខទៅវិញទើបនាងទ្រាំមិនបានក៏តាមមករករឿងបកស្បែកមុខប្តីហេងស៊យរូបនេះចេញម្តង។

នាងកល ច័ន្ទកញ្ញា បានបន្តរៀបរាប់ថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកប្តីនេះគ្មានការងារអ្វីខ្ពង់ខ្ពស់នោះទេគឺគ្រាន់តែជាកូនអ្នករកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះលុះចូលមកក្នុងគ្រួសាររបស់នាងក៏ត្រូវក្រុមគ្រួសាររបស់នាងអាណិតស្រលាញ់ជួយយឺតយោងរហូតទទួលបានការងារល្អធ្វើជាព្រះរាជអាជ្ញារងខេត្តកោះកុង ស្រាប់តែប្តីនេះមានមោទនាភាពជ្រុលក៏ភ្លេចខ្លួនភ្លេចប្រពន្ធកូនទៅវិញ។សព្វថ្ងៃនាងនិងកូនរស់នៅផ្ទះឯក្រុងតាខ្មៅ។ ចំណែកប្តីទៅធ្វើការជាព្រះរាជអាជ្ញារងខេត្តកោះកុងដោយស្នាក់នៅទីនោះតែម្នាក់ឯងហើយដោយសារតែគម្លាតគ្នាបែបនេះហើយទើបប្តីបានបែកគំនិតលួចលាក់មានស្រីជាបន្តបន្ទាប់ដោយលើកដំបូងនាងធ្លាប់ចាប់ថ្នាក់ប្តីបានថាប្តីលួចមានសហាយ ខណៈដែលនាងឆែកឃើញសារនិងសំឡេងឆាតរវាងប្តីនាងនិងស្រីសហាយដែលពិភាក្សាវែកញែកគ្នាពីរឿងរួមរ័កនៅលើគ្រែថាសុខស្រួលឬមិនស្រួលទៀតផង។ យ៉ាងណានាងក៏មិនបានរករឿងប្តីអ្វីដែរផ្ទុយទៅវិញបានត្រឹមអង្វរចិត្តប្តីឱ្យបញ្ឈប់ការលួចលាក់មានស្រីសហាយទៀតទៅដើម្បីធ្វើឱ្យក្រុមគ្រួសារមានសុភមង្គលប៉ុន្តែប្តីមិនស្តាប់នៅតែបន្តលួចលាក់មានស្រីជាញឹកញាប់ម្តងជាពីរដងបញ្ឈឺចិត្តនាងរហូតតែនាងចេះតែអត់ទ្រាំបៀមទុក្ខតែម្នាក់ឯង ព្រោះមិនចង់បែកបាក់គ្នាពិសេសមិនចង់ឱ្យប្តីអាប់កេរ្តិ៍ឈ្មោះកិត្តិយសនោះឡើយ។
នាងច័ន្ទកញ្ញា បានបន្តថា លុះពេលឃើញនាងមិនមាត់យូរៗទៅប្តីកាន់តែបានដៃ រហូតដល់ដាក់ពាក្យបណ្តឹងលែងលះនាងជាប្រពន្ធទៀតផង ដោយលើកហេតុផលថារស់នៅមិនចុះសម្រុងនឹងគ្នា ប៉ុន្តែនាងសួរថាមិនចុះសម្រុងយ៉ាងម៉េច បើរាល់ថ្ងៃរស់នៅឆ្ងាយពីគ្នា យូរៗទើបជួបគ្នាម្តង? ហើយពេលប្តីមកផ្ទះម្តងៗនាងតែងមើលថែបម្រើផ្គាប់ផ្គុនប្តីមិនដែលឱ្យទាស់ចិត្តឡើយ ហើយនាងក៏មិនដែលទៅលេងល្បែងបំផ្លាញទ្រព្យសម្បត្តិ ឬផិតក្បត់ប្តីដែរ គឺមានតែប្រឹងរកលុយដើម្បីប្តីនិងគ្រួសារប៉ុណ្ណោះ។ សួរថាតើនាងខុសអ្វីបានជាប្តីមិនពេញចិត្តជម្នះប្តឹងលែងលះនាងបែបនេះ? ហេតុផលតែម៉្យាងគត់គឺប្តីរបស់នាងកំពុងមានសហាយ និងថែមទាំងមានគម្រោងយកគ្នាជាគូអនាគតទៀតផង។

ស្ត្រីជាប្រពន្ធរូបនេះបានឱ្យដឹងថា ក្រោយមកនាងបានតាមស៊ើបដឹងថាប្តីរបស់នាងកំពុងទាក់ទងជាមួយនឹងស្រីម្នាក់រស់នៅក្នុងបុរីប៉េង ហួត ប៉ុន្តែនាងនៅតែព្យាយាមលួងលោមឱ្យប្តីវិលវិញហើយរឿងដែលប្តីមានស្រីញីក្រៅផ្ទះនោះ នាងព្យាយាមតាំងចិត្តធ្វើមិនដឹងមិនឮបិទអារម្មណ៍មិនឱ្យខឹងសម្បាអ្វីទាំងអស់ ប៉ុន្តែបែរជាទប់មិនជាប់ដោយសារតែស្រីសហាយរបស់ប្តីមិនត្រឹមតែចង់បានប្តីរបស់នាងមួយមុខទេ គឺចង់ធ្វើឱ្យនាងជាប្រពន្ធដើមក្អួតឈាមស្លាប់ទៀតផង ព្រោះថាស្រីសហាយរូបនោះបានប្រើគណនីហ្វេសប៊ុកនិងលេខទូរស័ព្ទអនាមិកខលមកផងផ្ញើសារមកផង ឌឺដងដាក់នាងថា “អ្នកស្រីដឹងទេថាប្តីរបស់អ្នកស្រីកំពុងមានគូដណ្តឹងថ្មីទៀតហើយ” សួរថាស្រីណាទ្រាំបាន? ស្រីណាមិនឈឺ? រីឯប្តីវិញចេះតែរន្ថើនទាមទារលែងលះជាមួយនាងឱ្យខាងតែបាន ហេតុនេះហើយទើបធ្វើឱ្យនាងទ្រាំលែងបានក៏ផ្ទុះជារឿងតាមទាន់ប្តីនៅផ្ទះសំណាក់បែបនេះតែម្តង។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ហេតុការណ៍នៅថ្ងៃកើតហេតុថា នៅមុនពេលកើតហេតុកាល ពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នាងបានតាមដានដឹងថា ប្តីរបស់នាងបាននាំស្រីម្នាក់ចូលមកដេកនៅផ្ទះសំណាក់ស្រែនាងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយជិះរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-7992 មិនដឹងថាជារថយន្តរបស់បងប្អូនសាច់ញាតិរបស់ប្តី ឬក៏ជារថយន្តរបស់ស្រីសហាយនោះទេ។ បន្ទាប់មកនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល នាងបានចូលទៅដល់ក្នុងផ្ទះសំណាក់ខាងលើ និងបានព្យាយាមសុំឱ្យខាងផ្ទះសំណាក់ជួយសហការដើម្បីហៅប្តីឱ្យចេញមកដោះស្រាយគ្នា ប៉ុន្តែត្រូវបានខាងម្ចាស់ផ្ទះសំណាក់ មិនព្រមសហការ ទើបនាងបានត្រឹមឈរនៅពីមុខបន្ទប់របស់ប្តី រួចទូរស័ព្ទហៅប្តីឱ្យចេញមកក្រៅ ដោយប្រាប់ថា នាងបានមកដល់មុខបន្ទប់ហើយ ឱ្យចុះមកក្រោមមក។ លុះគ្រាន់តែឮបែបនេះ ប្តីនាងក៏រៀបចំខ្លួនប្រាណ រួចរកវិធីរំដោះស្រីសហាយនោះចេញមិនឱ្យនាងជាប្រពន្ធដឹងថា គាត់នាំស្រីចូលដេកផ្ទះសំណាក់ ប៉ុន្តែនាងចង់សួរថា តើប្តីចូលដេកផ្ទះសំណាក់ទាំងកណ្តាលយប់បែបនេះ តើមកដេកជាមួយមិត្តភក្តិជាមនុស្សប្រុសឬ? គឺពិតជាដេកជាមួយស្រីច្បាស់ណាស់។

ស្ត្រីជាប្រពន្ធខាងលើបានឱ្យដឹងទៀតថា លុះមួយសន្ទុះក្រោយមកប្តីរបស់នាងបានចុះមកបើកឡានបំណងគេចខ្លួនជាមួយនឹងស្រីសហាយ ទោះបីនាងព្យាយាមចេញទៅឈរពាំងពីមុខឡានក៏ប្តីចង់បំបុកនាងទៀត បន្ទាប់មកប្តីនាងក៏បើកឡានចេញពីផ្ទះសំណាក់ តែដោយមិនស្គាល់ភូមិសាស្ត្រច្បាស់ ណាមួយភ័យស្លន់ស្លោផង ទើបគាត់បើកចេញពីខ្លោងទ្វារផ្ទះសំណាក់ មិនបត់ទៅខាងស្តាំដៃបែរជាបត់ទៅឆ្វេងដៃ ដែលជាផ្លូវទ័ល។ ភ្លាមនោះនាងបានព្យាយាមរត់តាមឡានប្តីដែរ តែមិនទាន់ក៏ត្រូវប្តីឈប់ជម្លៀសស្រីសហាយនោះចេញបាត់ ព្រោះថាប្តីរបស់នាងមានជំនាញណាស់ខាងជម្លៀសជនល្មើសឱ្យដោះខ្លួនចេញ ព្រោះការងារគាត់ធ្លាប់ជួបករណីបទល្មើសជាក់ស្តែងច្រើនណាស់។ ហេតុនេះគាត់ចេះវិធីសាស្ត្ររំដោះស្រីសហាយឱ្យគេចចេញពីប្រពន្ធដើមបានយ៉ាងស្រួល។ បន្ទាប់មកប្តីនាងបានព្យាយាមបើករថយន្តថយក្រោយរកផ្លូវចេញទាំងប៉ះនេះប៉ះនោះ ក៏មិនព្រមឈប់ រហូតដល់ជ្រុលទៅប៉ះរថយន្តគេ១គ្រឿង ដែលចតនៅក្បែរផ្លូវ និងធ្វើឱ្យប្រជាពលរដ្ឋនិងម្ចាស់ឡានចេញឆោឡោមកមើលព្រោងព្រាតនិងនាំគ្នាស្រែកឱ្យឈប់ ទើបប្តីកំហូចរបស់នាង ខ្លាចប្រជាពលរដ្ឋព្រួតវាយស្លាប់ ក៏ព្រមឈប់ តាមសម្រួល និងអះអាងប្រាប់គេឯង ពិសេស ប្រាប់ម្ចាស់ឡានថាមិនអីទេ ចាំគាត់ដោះស្រាយសំណងជូន ហើយព្យាយាមប្រមូលរបស់របរចេញពីក្នុងឡានដាក់ក្នុងកាបូប រួចដើរចេញដោយមិនព្រមនិយាយស្តីជាមួយនាងជាប្រពន្ធសោះឡើយ និងថែមទាំងអះអាងថា នាងគឺគ្រាន់តែជាបងស្រីរបស់គាត់ទៀតផង។ តែយ៉ាងណានាងមានភ័ស្តុតាងវីដេអូថតបានគ្រប់សកម្មភាព ហេតុនេះប្តីមិនអាចប្រកែករួចឡើយបានត្រឹមតែដើរគេចចេញពីនាង រហូតឃើញថា នាងដើរតាមមិនទាន់ប្តីកំហូចនេះក៏ស្ទុះរត់គេចខ្លួនបាត់តែម្តង។

ស្ត្រីជាប្រពន្ធដែលតាមទាន់ប្តីនាំស្រីចូលផ្ទះសំណាក់រូបនេះ បានបញ្ជាក់ជំហររបស់ខ្លួនថា អ្វីដែលនាងចង់បាននៅពេលនេះ គឺនាងលែងត្រូវការជានាជាមួយប្តីនេះទៀតហើយ ហើយទោះប្តីចង់វិលមកចរចាសម្រួលគ្នាវិញ ក៏មិនអាចដែរ ពោលគឺនាងនឹងប្រគល់រឿងនេះឱ្យមេធាវី ចាត់ចែងអនុវត្តអ្វីៗទៅតាមនីតិវិធី ព្រោះថាប្តីរបស់នាង គឺជាព្រះរាជអាជ្ញា គឺចេះច្បាប់ជ្រៅជ្រះខ្លាំងណាស់ ចេះខ្លាំងរហូតដល់ហ៊ានលួចលាក់មានសហាយដោយមិនខ្លាចច្បាប់។ ជាមួយនេះ នាងក៏សូមសំពះអំពាវនាវដល់សម្តេចហ៊ុន សែន ដែលលោកធ្លាប់បានអនុវត្តអភិក្រមទាំង៥ ចំពោះមន្ត្រីខិលខូចសូមសម្តេចមេត្តាជួយរកយុត្តិធម៌ជូនក្មេងស្រីម្នាក់នេះនិងចៅស្រីម្នាក់ ដែលមិនទាន់ដឹងក្តីផង ព្រោះម្តាយកូននាងពិតជាទទួលរងអយុត្តិធម៌ខ្លាំងណាស់ ដោយសារប្តីចេះច្បាប់អង្គុយលើច្បាប់ ធ្វើបាបចិត្តប្រពន្ធកូន។ ហេតុនេះនាងស្នើសុំដល់សម្តេចមេត្តាជួយកាត់សាច់ស្អុយចេញផង ដើម្បីកុំឱ្យក្លាយជាដំបៅរាលដាលកាន់តែខ្លាំងទៀត។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ជាចុងក្រោយថា ពេលនេះនាងនឹងសម្រេចបំណងរបស់ប្តី ដែលប្តីរបស់នាងធ្លាប់ប្រាប់ថា ចង់បានសេរីភាពគឺនាងនឹងប្រគល់សេរីភាពឱ្យ និងបើកផ្លូវឱ្យប្តីទៅសាងស្នេហ៍ជាមួយនឹងស្រីសហាយរូបនោះឱ្យបានសុខស្រួលទៅចុះ ប៉ុន្តែតួនាទី ឋានៈ មុខមាត់ ដែលនាងជាប្រពន្ធនិងក្រុមគ្រួសារបានផ្គត់ផ្គង់ជំរុញផ្តល់ឱ្យកន្លងមក គឺនាងសុំដកយកទុកវិញ មិនអាចឱ្យប្តីយកទៅបានឡើយ ហើយនាងនឹងធ្វើអ្វីៗទៅតាមផ្លូវច្បាប់ នឹងសង្ឃឹមថា ច្បាប់នឹងផ្តល់យុត្តិធម៌ដល់មនុស្សទូទៅ មិនមែនផ្តល់សម្រាប់តែមនុស្សមានអំណាច ចេះច្បាប់តែបំពានច្បាប់នោះទេ។

ដោយឡែកកាលពីម្សិលមិញនេះ ស្ត្រីជាប្រពន្ធដើមបានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “មុខមាត់ពិតបានបង្ហាញថ្ងៃនេះហើយ ខ្ញុំទ្រាំវេទនាអស់រយៈពេលជិត6ឆ្នាំមកហើយ ។ ធ្វើការផ្នែកច្បាប់ហើយនៅបំពានលើច្បាប់ទៀត”។
ស្ត្រីជាប្រពន្ធបានបន្តបង្ហោះទៀតថា “នាងខ្ញុំស៊ូទ្រាំទុក្ខលំបាកនេះរហូតមកជិត6ឆ្នាំហើយ។ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍និងចុះលិខិតអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ អ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង នៅថ្ងៃទី13 ខែមិនា ឆ្នាំ2014 តាមការផ្សំផ្គុំរបស់ឪពុកម្តាយ។ បច្ចុប្បន្ននាងខ្ញុំមានចំណងដៃកូនស្រីម្នាក់មានអាយុជិត5ឆ្នាំក្នុងបន្ទុកគ្រួសារមួយនេះ នាងខ្ញុំខិតខំរកប្រាក់ទាំងលំបាកដើម្បីឲ្យស្ថានភាពគ្រួសារមានការប្រសើរឡើង ក្រោយពីទទួលបានផ្លែផ្កាបន្តិចបន្តួចពីលុយកាក់មួយចំនួនខាងលើ ស្វាមីនាងខ្ញុំចាប់ផ្តើមរកលេសដាក់កំហុសមកលើរូបនាងថា ជាស្រីមិនចេះធ្វើការងារផ្ទះមិនទន់ភ្លន់ដាក់ក្រុមគ្រួសារ គាត់ឆ្អែតចិត្តរស់នៅមិនចុះសំរុងនិងគ្នា ឈានទៅដល់ដាក់ពាក្យបណ្តឹងលែងលះភរិយាយខ្លួនឯងស្របពេលដែលគាត់កំពុងលួចលាក់មានស្រី ផិតក្បត់ប្រពន្ធ។ អស់រយៈកាលកន្លងផុតទៅជិត6ឆ្នាំមកនេះ មិនមែនលើកទីមួយទេដែលគាត់បានផិតក្បត់មានស្រីក្រៅរហូតខ្ញុំចាប់បានភស្តុតាង តែខ្ញុំបានលើកលែងឲ្យគាត់សង្ឃឹមថាអាចបន្តដំណើរជីវិតគ្រួសាររួមគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីៗមិនដូចការសង្ឃឹមរបស់ខ្ញុំនោះទេ គាត់ព្យាយាមដោះខ្លួនចេញពីសំពាយគ្រួសារមួយនេះ។ មកដល់បច្ចុប្បន្ននេះ នាងខ្ញុំបែរជាទទួលបានលិខិតបណ្តឹងលែងលះពីស្វាមីនាងខ្ញុំទៅវិញ”។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកអ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុងបាននៅឡើយទេ។ យ៉ាងណាយើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕