Sunday, November 23, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនអង្គរក្សម្នាក់ ពាក់ព័ន្ធលួចលុយជាង២លានដុល្លារ

ឃាត់ខ្លួនអង្គរក្សម្នាក់ ពាក់ព័ន្ធលួចលុយជាង២លានដុល្លារ

ភ្នំពេញ ៖ បុរសជាអង្គរក្សម្នាក់ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ បានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ព្រឹក​ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ ពាក់ព័ន្ធករណីលួចលុយដែលគេបានរកឃើញជាក់ស្តែងចំនួន២៥ម៉ឺនដុល្លារនៅផ្ទះរបស់ជនសង្ស័យ មានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងចំណោមលុយដែលបានបាត់ជាង២លានដុល្លារ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនខាងលើមានឈ្មោះអៀម សំអន ភេទប្រុស កើតនៅឆ្នាំ១៩៨២ មុខរបរយោធា បម្រើការងារនៅនាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក មុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខ មានលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ចំណុចផ្ទះកើតហេតុខាងលើ)។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យម្នាក់នេះធ្វើឡើងតាមបណ្តឹងជនរងគ្រោះដែលប្តឹងទៅក្រសួងមហាផ្ទៃថា បានបាត់លុយ២លាន៤០ម៉ឺនដុល្លារ ប៉ុន្តែម្សិលមិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចាប់ខ្លួនបក្ខពួកជនសង្ស័យម្នាក់នៅខណ្ឌចំការមន រកឃើញលុយជាង១០ម៉ឺនដុល្លារ និងបន្តស្រាវជ្រាវមកចាប់ខ្លួនជនម្នាក់នេះទៀតឈ្មោះអៀម សំអន រកឃើញលុយ២៥ម៉ឺនដុល្លារសុទ្ធតែក្រដាសប្រាក់១០០ដុល្លារសុទ្ធ ចំនួន២៥ដុំ ដែលគេទុកនៅក្នុងផ្ទះនិងដកហូត អាវុធខ្លី១ដើម ម៉ាក kimBer លេខសម្គាល់១៧៦៥ មានគ្រាប់ចំនួន៨នៅក្នុងបង់ និងវិទ្យុទាក់ទង១គ្រឿងផង រួមទាំងឯកសារផ្ទាល់ខ្លួនពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្ស។

សមត្ថកិច្ចបន្តថា កំពុងតែបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីតាមចាប់បក្ខពួករបស់គេនិងរកលុយដែលបានបាត់រាប់លានដុល្លារនោះបន្ថែមទៀតផងដែរ។

ជុំវិញករណីខាងលើនេះ ប្រភពខ្លះថាជាអំពើប្លន់ ខ្លះថាជាការលួច ដោយប្រើកម្លាំងប្រដាប់អាវុធទ្រង់ទ្រាយធំ ព្រោះបើពេលកំពុងធ្វើសកម្មភាពមានគេដឹង ត្រូវតែបាញ់សម្លាប់បំបាត់ភ័ស្តុតាង ឬក៏បាត់តបតជាមួយសមត្ថកិច្ចដើម្បីរំដោះរត់គេចខ្លួន”

RELATED ARTICLES