Sunday, November 23, 2025
Homeព័ត៌មានជាតិធ្វើតាមដីកា សមត្ថកិច្ច២ខេត្តសហការគ្នា ទើបឃាត់បុរសម្នាក់នេះបាន

ធ្វើតាមដីកា សមត្ថកិច្ច២ខេត្តសហការគ្នា ទើបឃាត់បុរសម្នាក់នេះបាន

ខេត្តរតនគិរី ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តនិងកម្លាំងអធិការដ្ឋានស្រុកបានលុង សហការជាមួយផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនបុរសជាជនត្រូវចោទម្នាក់ពីបទរំលោភលើទំនុកចិត្ត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះស៊ូ លាន ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនត្រូវចោទដែលសមត្ថកិច្ចស្រាវជ្រាវឈានទៅឃាត់ខ្លួនបាននេះ​មានឈ្មោះដន រ៉េត ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ការឃាត់ខ្លួននេះប៉ូលិសធ្វើឡើងដោយអនុវត្តតាមដីការបស់តុលាការចេញដោយលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម លេខ១១-១០១,១៩ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនឈ្មោះដន រ៉េត ពីបទរំលោភទំនុកចិត្តប្រព្រឹត្តនៅភូមិ៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

ប្រភពដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានដីការបស់តុលាការ សមត្ថកិច្ចបានស្រាវជ្រាវតាមរកនាំខ្លួនជនត្រូវចោទប្រគល់ឱ្យតុលាការ តែជននេះបានគេចខ្លួនចេញពីមូលដ្ឋានបាត់ រហូតសមត្ថកិច្ចស៊ើបដឹងថាទៅលាក់ខ្លួនពួនអាត្មានៅខេត្តរតនគិរី ទើបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានចុះសហការនឹងកម្លាំងនគរបាលខេត្តរតនគិរី ចុះឃាត់ខ្លួនជនត្រូវចោទនៅចំណុចខាងលើតែម្តង។ ជនត្រូវចោទត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តកំពង់ចាម ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES